(ភ្នំពេញ)៖ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានឧបត្ថម្ភថវិកា​លើកទឹកចិត្ត ជូនមន្រ្តីអាវុធហត្ថរបស់ខ្លួន ដែលបានជួយសង្គ្រោះ​ជនរងគ្រោះ២នាក់ ដែលស្ថិតនៅ​ក្នុងហេតុការណ៍​គ្រោះអគ្គិភ័យមួយ នាយប់រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្លូវបំបែកសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ហេតុការណ៍ភ្លើងនោះបានផ្តើមឆាបឆេះចេញពីផ្ទះ​កណ្តាល​រាល​ទៅផ្ទះ​សងខាង យ៉ាងសន្ធោសន្ធៅបណ្តាលឲ្យ​ស្ត្រីចំណាស់ម្នាក់ និងក្មេងស្រីម្នាក់ទៀត ត្រូវអណ្តាត​ភ្លើងហ៊ុព័ទ្ធចេញមិនរួច។ ក្នុងពេល​អគ្គិភ័យ​កំពុងឆាបឆេះ ហើយមនុស្សម្នាកំពុងព្យាយាមពន្លត់តែនៅមិនរលត់នោះ ម្ចាស់ផ្ទះបានស្រែកឆោឡោថា បាត់អ៊ីចុងភៅ និងក្មេងស្រីម្នាក់នៅជាមួយ ពេលនោះកម្លាំងអាវុធហត្ថ ដែលចូលរួមជាមួយក្រុមចម្រុះពន្លត់អគ្គិភ័យ មានគ្នា៣នាក់បានរត់​ឡើងទៅលើដំបូលផ្ទះ ដែលកំពុងឆាបឆេះ ទំលុះចុះទៅជាន់ផ្ទាល់ដីដើម្បីជួយសង្រ្គោះ ស្ត្រីចំណាស់ និងក្មេងស្រីដែលកំពុងរង​នូវចំហាយ​អណ្តាតភ្លើងឆាបឆេះព័ទ្ធជុំវិញ ដែលកំពុងចាប់ផ្តើមរលាក និងកំពុងថប់ដង្ហើមដោយសារផ្សែងជាខ្លាំង។ ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថបានលើកបីដឹកបញ្ជូនបន្តៗ ឡើងមកលើ រួចដាក់ចុះចេញមកក្រៅ ដាក់ចូលរថយន្តសង្គ្រោះ យកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសមៈ។ អគ្គិភ័យនេះ បានបន្តឆាបឆេះអស់រយៈពេល១ម៉ោងកន្លះ ទើបរលត់ទៅវិញដោយ​ក្រុមចម្រុះពន្លត់អគ្គិភ័យ ប្រើទឹកអស់ចំនួន១២រថយន្ត។ លុះដល់ព្រឹកឡើង លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ​កងរាជអាវុធហត្ថរាជ​ធានីភ្នំពេញ បានចាត់តាំងក្រុមការងារ ឲ្យចុះទៅសួរសុខទុក្ខ ស្ត្រីចំណាស់ និងក្មេងស្រីរងគ្រោះ ដែលសម្រាកនៅមន្ទីរពេទ្យព្រះកុសមៈ ដោយនាំយកអំណោយទៅជូនពួកគាត់ផងដែរ ក្នុងម្នាក់ៗទទួលបានប្រាក់​៥០ម៉ឺនរៀល ទឹកក្រូច១កេស ទឹកសុទ្ធ២កេស ព្រមទាំងផ្តាំសួរសុខទុក្ខពួកគាត់ទាំងពីរនាក់ ពីចម្ងាយហើយសូមជូនពរឲ្យពួកគាត់ទាំងពីរឆាប់ជាសះស្បើយ។

សូមបញ្ជាក់ដែរថា ស្ត្រីចំណាស់ដែលរងគ្រោះនោះមានឈ្មោះថា តាំង ហ្គិច អាយុ៦២ឆ្នាំ ជាចុងភៅ រីឯក្មេងស្រីម្នាក់ទៀត មានឈ្មោះថា ស្រីណែត អាយុ១០ឆ្នាំ ជាក្មេងកំព្រា រស់នៅជាមួយគេ បានថ្លែង​អំណរគុណ​ចំពោះកងរាជអាវុធហត្ថរាជ​ធានីភ្នំពេញ ដែលបានប្តូរជីវិតចូលទៅជួយសង្គ្រោះពួកគាត់ ចេញពីក្នុងភ្នក់ភ្លើង បើកុំតែបានកងរាជអាវុធហត្ថ ម្ល៉េះជីវិតពួកគាត់ច្បាស់​ជាត្រូវស្លាប់ក្នុងភ្នក់ភ្លើង​បាត់ទៅហើយ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះលោក រ័ត្ន ស្រ៊ាង ដែលបានយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់ពួកគាត់។

ទន្ទឹមគ្នានោះដែរលោក រ័ត្ន ស្រ៊ាង បានសំដែងការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះកម្លាំង អាវុធហត្ថក្រោមឱវាទរបស់លោកទាំង៣រូប ដែលបានពុះពារហ៊ានចូលទៅរំដោះ​យកជនរង​គ្រោះពីក្នុង​ភ្នក់ភ្លើង ដែលកំពុងឆាបឆេះដោយមិនគិតពីអាយុជីវិតខ្លួនឯង។ ដើម្បីជាការលើកទឹកចិត្តចំពោះសកម្មភាពជាគំរូវីរភាពសម្រាប់អាវុធហត្ថរាជធានីភ្នំពេញ លោកបានផ្តល់រង្វាន់​ជាថវិការដល់​អាវុធហត្ថទាំង៣រូបគឺ ១- លោកអនុសេនីយ៍ឯក សើន កែវវណ្ណធី ២- ព្រិន្ទបាលឯក ធូ ប៊ុណ្ណា ៣- ព្រិន្ទបាលឯក ទឹម ប៊ុណ្ណា ក្នុងម្នាក់ៗទទួលបានថវិកាមួយលានរៀល ហើយអង្គភាពធ្វើការ​កត់ត្រាពី​ស្នាដៃ​ជាគំរូវីរភាពនេះទុកសម្រាប់ឲ្យអាវុធហត្ថ រាជធានីភ្នំពេញដ៏ទៃទៀតរៀនសូត្រតាម ៕