(ភ្នំពេញ)៖ ក្រោយមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ១០គ្រួសារ រស់នៅក្បែរភោជនីយដ្ឋានអាហារចិន «ថាយ ជី» ដែលបង្កសំឡេងរំខានដល់អ្នកជិតខាងនោះ មន្រ្តីជំនាញសាលាខណ្ឌដូនពេញ ក្រោមបញ្ជាផ្ទាល់ពីអភិបាលខណ្ឌលោក គួច ចំរើន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះទៅពិនិត្យមើល និងដោះស្រាយបញ្ហានេះ ជាបន្ទាន់ផងដែរ។

ជាលទ្ធផល ខាងមន្រ្តីជំនាញសាលាខណ្ឌដូនពេញ បានស្នើឲ្យម្ចាស់ភោជនីយដ្ឋានប្តូរទីតាំងបំពង់បឺតខ្យល់ទៅកន្លែងថ្មី ហើយនឹងចុះទៅពិនិត្យម្តងទៀត នៅខែមីនា ឆ្នាំ២០១៦ខាងមុខ។ សូមបញ្ជាក់ថា ភោជនីយដ្ឋានខាងលើនេះ មានទីតាំងស្ថិតនៅខាងត្បូងសណ្ឋាគារហូលីដេ ផ្លូវលេខ៨៤កែងផ្លូវលេខ៧៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្រ្តីសាលាខណ្ឌដូនពេញ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា «នៅម៉ោង៩ព្រឹកមិញ ក្រុមការងារចម្រុះខណ្ឌដូនពេញដឹកនាំដោយលោក ហឿន ប្រសើរ ប្រធានការិយាល័យអន្តរវិស័យ បានចុះពិនិត្យទីតាំងទំនាស់បង្កសំឡេងរំខានដល់អ្នកជិតខាង ស្ថិតនៅផ្ទះលេខ៥ ផ្លូវ៧៥ កែង៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញរបស់ឈ្មោះ ខៀវ មល្លិកា(ភោជនីយដ្ឋានថាយ ជី)។ ក្រុមការងារពិនិត្យឃើញថា ទីតាំងភោជនីយដ្ឋាននេះ ពិតជាបង្កសំឡេងរំខានដល់អ្នកជិតខាងដោយសារម៉ាស៊ីនបឺតផ្សែងប្រាកដមែន ហើយក្រុមការងារបានធ្វើការសម្របសម្រួលនៅនឹងកន្លែង តែដោយសារម្ចាស់ទីតាំងកំពុងនៅក្រៅប្រទេស ក្រុមការងារ ដើមបណ្តឹង និងតំណាងចុងបណ្តឹងបានឯកភាពគ្នា ចុះពិនិត្យទីតាំងម្តងទៀតក្នុងខែមីនាឆ្នាំ២០១៦ ដោយមានជាងបច្ចេកទេស ចូលរួមរកវិធីប្តូរទីតាំងបំពង់បឺតផ្សែងដើម្បីកុំឲ្យមានការបង្កផលប៉ះពាល់តទៅទៀត»។

សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញ ប្រជាពលរដ្ឋចំនួន១០គ្រួសារ រស់នៅក្បែរភោជនីយដ្ឋានមួយនេះ បានដាក់ពាក្យបណ្តឹងទៅអភិបាលខណ្ឌលោក គួច ចំរើន ក្រោយពីពួកគេមិនអាចរស់នៅបានសុខ ព្រោះតែសំឡេងបំពង់ស្រូបក្លិន នៅភោជនីយដ្ឋានចិនយីហោ ថាយជី បានបញ្ចេញកងរំពងរាល់ថ្ងៃរាល់យប់។

តំណាងប្រជាពលរដ្ឋទាំង១០គ្រួសារ បានប្រាប់ភ្នាក់ងារ Fresh Newsថា «ជារៀងរាល់យប់ រាល់ថ្ងៃនេះ នៅភោជនីយដ្ឋាននេះ បានបង្កការរំខានដល់ការរស់នៅរបស់យើងជាខ្លាំង ដេកពួនមិនបាន ដោយសារតែ សំឡេងរំខាន ម៉ាស៊ីន និងបំពង់ស្រូបក្លិនឆ្អេះឆ្អាបចេញពីក្នុងភោជនីយដ្ឋាន ដែលគេបំពាក់នៅផ្នែកខាងក្រោយ ត្រង់ចំហៀងត្បូង នៃភោជនីយដ្ឋាននោះ ហើយបណ្តាលឲ្យមានការប៉ះពាល់សុខភាពក្នុងការរស់នៅយ៉ាងខ្លាំងទៀតផង»។

ប្រជាពលរដ្ឋបានបន្តទៀតថា បញ្ហាពីផលនោះដែរ ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរសង្កាត់រួចមកហើយ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ព្រមទាំងបានលើកឡើងនៅក្នុងវេទិការ សាធារណៈទៀតផងដើម្បីឲ្យ អាជ្ញាធរជួយរកដំណោះស្រាយ ធ្វើយ៉ាងណាសំណូមពរឲ្យម្ចាស់អាជីវកម្មភោជនីយដ្ឋានខាងលើ ធ្វើការកែលំអរ ឬជួសជុលឡើងវិញ ដើម្បីកាត់បន្ថយសំឡេង ដែលឮចេញយ៉ាងខ្លាំងពីបំពង់ស្រូបក្លិន។

តែផ្ទុយទៅវិញ មិនដែលឃើញអាជ្ញាធរសង្កាត់ មានវិធានការចុះមកអន្តរាគមន៍ ដល់ម្ចាស់អាជីវកម្មនោះទេ ទើបពួកគាត់សម្រេចដាក់ពាក្យបណ្តឹងរួមគ្នាមួយច្បាប់ទៀត គោរពចូលទៅលោក គួច ចំរើន អភិបាលខណ្ឌដូនពេញតែម្តង៕