(​តូ​ក្យូ​)៖ ក្មេង​វ័យ​ជំទង់​ម្នាក់ រស់នៅ​ក្បែរ​ទីក្រុង​តូ​ក្យូ ត្រូវបាន​គេ​រកឃើញ​ថា មាន​ផ្ទុក​វីរុស Zika បន្ទាប់ពី​រូបគេ​បាន​ត្រឡប់​មកពី​ប្រទេសប្រេ​ស៊ីល នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ប៉ុន្មាន​ទី​មុននេះ​។​

​នៅមុននេះ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោកស្រី Margaret Chan បាន​ប្រកាស​អាសន្ន​ទៅលើ​បញ្ហា​នៃ​ការរីក​រាលដាល​នៃ​ជំងឺ Zika និង​បាន​បញ្ជាក់ថា​នៅពេលនេះ WHO កំពុងតែ​សិក្សា អំពី​ទំនាក់ទំនង​រវាង​ទារក​ដែល​កើតមក មាន​ក្បាល​តូច និង​វីរុស Zika ដែល​កំពុង​វាយលុក ហើយ​ដែល​បង្កឡើង​ដោយ​សត្វ​មូស​នោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា វីរុស Zika ត្រូវបាន​រកឃើញ​លើកដំបូង នៅលើ​សត្វ​ស្វា​នៅក្នុង​ឆ្នាំ​១៩៤៧ នៅក្នុង​ប្រទេស​អ៊ូ​ហ្គង់​ដា​ស្ថិត​ក្នុង​ទ្វីបអាហ្វ្រិក ហើយ​នៅ​ឆ្នាំ​១៩៥២ ជំងឺ​នេះ បាន​ឆ្លង​ជា​លើកដំបូង​មក​មនុស្ស តាមរយៈ​មូស​ខ្លា​ខាំ និង​បាន​រីក​រាលដាល​នៅ​តំបន់​អាហ្វ្រិក និង​កោះ​មួយចំនួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ អ្នក​ដែល​ឆ្លង​មេរោគ​នេះ នឹង​មាន​អាការៈ ក្ដៅខ្លួន ឈឺក្បាល ឡើង​រមាស់ ឈឺ​សន្លាក់ និង​ភ្នែក​ឡើង​ក្រហម ពោល​គឺ​មាន​អាការៈ និង​រោគសញ្ញា ដូចគ្នា​នឹង​ជំងឺគ្រុនឈាម​ដែរ​៕​