(ភ្នំពេញ)៖ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកយកចំណុចសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងភាពអសកម្ម ក្នុងការអនុវត្តការងាររបស់ក្រសួងមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យតាមចាប់រថយន្ត ដឹកអង្ករបំផ្លាញស្ពានអ្នកលឿង ព្រមទាំងព្រមានបិទក្រុមហ៊ុន ដឹកជញ្ជូនណា ដែលល្មើសច្បាប់ដឹកជញ្ជូន។ ការចេញបញ្ជាឲ្យតាមចាប់រថយន្តដឹកអង្ករជាង៧០តោនមួយគ្រឿង បើកបំផ្លាញស្ពានអ្នកលឿងនេះ កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ។

* សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមន្រ្តីបង្កើនសកម្មភាពផ្តល់ រាល់សេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយគោរពតាម ពាក្យស្លោកថា «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព»។ សេវាតម្រូវការទាំងនោះ ត្រូវបានកាន់កាប់ដោយក្រសួងនានា ដូចជា ការធ្វើអត្តសញ្ញាណបណ្ណ ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ ការផ្តល់ប័ណ្ណបើកបរ ការផ្តល់ស្លាកលេខយានយន្ត ។ល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិចារណារុះរើគណៈរដ្ឋមន្រ្តី នៅក្នុងឆ្នាំ២០១៦នេះ បន្ទាប់ពីសម្តេចពិនិត្យឃើញថា មានរដ្ឋមន្រ្តីមួយចំនួនហាក់ស្ពឹកស្ពន់។ សម្តេចថា មិនអាចយកយល់ និងចាំស្លាប់ជាមួយមន្រ្តីស្ពឹកស្ពន់ទាំងអស់នោះឡើយ ហើយថាដល់ពេលហើយ ការធ្វើកំណែទម្រង់ «ងូតទឹក ឆ្លុះកញ្ចក់ និងដុះក្អែល»នោះ។

* សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសធ្ងន់ៗដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានភាពស្ពឹកស្រពន់ នៅក្នុងការដោះស្រាយបញ្ហានានាក្រោមចំណាត់ការរបស់ខ្លួន។

* សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានជាថ្មី ដល់មន្រ្តីពន្ធនាគារ បន្ទាប់ពីមានករណីប្លន់ប្រដាប់អាវុធបានកក្រើកឡើងជាថ្មី នៅក្នុងប្រទេស កម្ពុជា។ សម្តេចថា ក្រុមចោរមួយចំនួនគឺជាអ្នកធ្លាប់ធ្វើសកម្មភាពរួចហើយ ប៉ុន្តែមិនព្រមកែខ្លួននោះទេទោះបីជាប់ពន្ធនាគារក៏ដោយ នៅពេលដែល ចេញទៅវិញពួកគេធ្វើសកម្មភាពទៀត។ សម្តេចបន្ថែមថា ក្រសួងយុត្តិធម៌ មិនគួរពឹងផ្អែកតែលើរបាយការណ៍របស់ ពន្ធនាគារនោះទេ ហើយថាបើសិនជា មានលិខិតស្នើឱ្យលើកទោស ត្រូវរៀបចំដាច់ដោយឡែកសម្រាប់ក្រុមទណ្ឌិត ក្នុងបទល្មើសចោរប្លន់និងថ្នាំញៀន៕

នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រមានរុះរើគណៈរដ្ឋមន្រ្តី បន្ទាប់ពីមានរដ្ឋមន្រ្តីមួយចំនួនអសកម្មការងារ។

Posted by Fresh News on Thursday, February 25, 2016