(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកាចំនួន ៩,៤៨៥លានរៀល ស្មើនឹងជាង ២.៣លានដុល្លារអាមេរិកហើយ ទៅកាន់ខេត្តជាប់ព្រំដែនទាំង៧ (បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ បៃលិន កោះកុង ពោធិ៍សាត់ ព្រះវិហារ) ដើម្បីផ្គត់ផ្គង់ការធ្វើចត្តាឡីស័កជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ។

លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់បែបនេះនៅក្នុងសន្និសីទព័ត៌មានស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមថវិកា ៩៤៥លានរៀលបន្ថែមទៀត សម្រាប់បំពេញតម្រូវការនៃការធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែននេះ ពីថ្ងៃទី១៩ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០២១។

ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋខ្មែរកំលុងពេលធ្វើចត្តាឡីស័កនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ថវិកា ២ម៉ឺនរៀលក្នុងមួយថ្ងៃ សម្រាប់អ្នកធ្វើចត្តាឡីស័កម្នាក់។ បន្ថែមពីលើនោះក៏មានការផ្តល់ជាឃីដ ទឹកបរិសុទ្ធ និងមីផងដែរ។

លោក ម៉ម ប៊ុនហេង បានឱ្យដឹងផងដែរថា រាជរដ្ឋាភិបាល បានផ្តល់ជាឃីដ (កន្ទេល មុង ភួយ ខ្នើយ ស្រោមខ្នើយ សារុង ក្រមា ), ទឹកបរិសុទ្ធ និងមី ទៅដល់មណ្ឌលចត្តាឡីស័កទាំងនោះផងដែរ។ បើតាមលោក ម៉ម ប៊ុនហេង រាជរដ្ឋាភិបាល បានផ្តល់ឃីដចំនួន ៤៣,០០០ឃីដ ទឹកបរិសុទ្ធ ៥២ពាន់ដប និងមីប្រមាណ ២៤,៧០០កញ្ចប់។

លោករដ្ឋមន្ត្រីសុខាភិបាល បានគូសបញ្ជាក់ថា «នេះជាការរៀបចំរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងម៉េចឱ្យបងប្អូនបានមកវិញ ធ្វើចត្តាឡីស័ក ហើយទទួលបាននូវការយកចិត្តទុកដាក់ដោយស្មោះស្ម័គ្រពីរាជរដ្ឋាភិបាល។ ជាពិសេសសម្តេចតេជោ ដែលលោកអានិតអាសូរហើយបានផ្គត់ផ្គង់ឱ្យបងប្អូនយើងកុំឱ្យមានការខ្វះខាត»

លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករប្រមាណ ៣៨,៩៤៤នាក់ បានធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនថៃ ហើយអ្នកកំពុងធ្វើចត្តាឡីស័កមានចំនួន ១១,៧៩២នាក់។

ដោយឡែកនៅតាមខេត្តជាប់ព្រំដែនវៀតណាមវិញ មានអ្នកធ្វើចត្តាឡីស័កចំនួន ២៤២នាក់។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានវាយតម្លៃ និងកោតសរសើរផងដែរ ពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តជាប់ព្រំដែនថៃ នៅតាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។ ក្នុងនោះមានខេត្តខ្លះ បានយកចុងភៅមកចម្អិនអាហារជូនអ្នកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កថែមទៀតផង។

លោកស្រី បានអះអាងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងផ្គត់ផ្គង់បានល្អប្រសើរនោះ ធ្វើឱ្យអ្នកធ្វើចត្តាឡីស័កខ្លះ ដល់ថ្ងៃចេញហើយ ពួកគាត់មិនព្រមចេញថែមទៀតផង៕