(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលការងារគណៈមេធាវី ក្នុងរយៈពេល១០០ថ្ងៃ» សម្រាប់អាណត្តិទី១៣ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកមេធាវី លី ច័ន្ទតុលា បានបញ្ជាក់ថា រយៈពេល ១០០ថ្ងៃមកនេះ គណៈមេធាវីកម្ពុជា បានចាត់តាំងមេធាវីស្ម័គ្រចិត្តឱ្យជួយការពារក្រីក្រនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ បានចំនួន ២,១៦៧ករណី មានកូនក្តីចំនួន ៣,៦៥៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៣១២នាក់ និងកុមារចំនួន ៧៨៧នាក់។

ជាមួយគ្នានេះដែរ លោកមេធាវី បានឱ្យដឹថា ក្រោមការដឹកនាំរបស់លោកក្នុងរយៈពេល១០០ថ្ងៃនេះ មេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ជូនជនក្រីក្រចំនួន ១១៣ករណីផងដែរ។

ជាមួយនឹងការការពារក្តី និងផ្តល់ប្រឹក្សាផ្នែកច្បាប់ជូនជនក្រីក្រនេះដែរ លោកមេធាវី លី ច័ន្ទតុលា បានបន្តថា គណៈមេធាវីមានមេធាវីស្ម័គ្រចិត្តការពារជូនជនក្រីក្រ នៅទូទាំងប្រទេសសរុបចំនួន ៣០៨រូប បើទោះបីជាចំនួននេះមានកម្រិតនៅឡើយ ប៉ុន្តែ លទ្ធផលដែលក្រុមមេធាវីស្ម័គ្រចិត្តបំពេញរយៈពេល១០០ថ្ងៃមកនេះ ទទួលបានលទ្ធផលយ៉ាងល្អផងដែរ។

ប្រធានគណៈមេធាវី បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ថវិកាចំនួន ២ពាន់លានរៀលដល់គណៈមេធាវី ដើម្បីចំណាយលើការផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ, បន្ថែមពីនេះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានបង្កើនថវិការៀងរាល់ឆ្នាំ សម្រាប់ការពារក្តីជូនជនក្រីក្រ ក្នុងគោលបំណងឱ្យមានសមភាពយុត្តិធម៌សង្គម។

លោកមេធាវី លី ច័ន្ទតុលា បានគូសបញ្ជាក់ថា ដើម្បីពង្រឹង និងពង្រីកការផ្តល់ជំនួយផ្នែកច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការជាក់ស្តែង គណៈមេធាវី បានដាក់ចេញនូវគោលនយោបាយលេខ០៩៨/សសគម/២១ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការពិគ្រោះយោបល់ និងការការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។

តាមរយៈគោលនយោបាយនេះ គណៈមេធាវីបានអំពាវនាវឱ្យសមាជិកគណៈមេធាវីទាំងអស់ស្ម័គ្រចិត្តចូលរួមការពារក្តីជូនជនក្រីក្រ ដោយមិនយកកម្រៃឱ្យបានផុលផុស និងចូលរួមផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ដល់សាធារណជនទូទៅ ជនក្រីក្រ និងកម្មករ-កម្មការិនី នៅតាមការិយាល័យវិជ្ជាជីវៈមេធាវីនីមួយៗ ដោយមិនយកកម្រៃទាំងនៅក្នុងរឿងក្តីរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។ បន្ទាប់ពីមានការអំពាវនាវនេះ បានតែ ១០ថ្ងៃ មានមេធាវីស្ម័គ្រចិត្តចំនួន ១៣៨រូបហើយ កំពុងមានការស្ម័គ្រចិត្តជាបន្តបន្ទាប់ទៀត។

ពាក់ព័ន្ធនឹងការចំណាយវិញ លោកមេធាវី លី ច័ន្ទតុលា បានបញ្ជាក់បន្ថែមថា ក្រុមមេធាវីស្ម័គ្រចិត្ត ផ្តល់ជំនួយផ្នែកច្បាប់នេះដោយចេញការចំណាយរបស់ពួកគាត់ ដោយមិនប៉ះពាល់ដល់ថវិការបស់រាជរដ្ឋាភិបាលឡើយ។ បន្ថែមពីនេះ គណៈមេធាវីកំពុងសិក្សាអំពីរបៀប និងទម្រង់នៃការផ្តល់ការលើកទឹកចិត្តដល់មេធាវីស្ម័គ្រចិត្តជួយដល់សង្គម៕