(កំពង់ឆ្នាំង)៖ ប្រជាកសិករម្នាក់ ដែលកំពុងប្រមូលផលពោតក្នុងចម្ការ លើខ្នងកោះតាមមាត់ទន្លេក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងឆ្នាំនេះខ្លួនបានដាំពោត លើផ្ទៃដីចម្ការចំនួន ៣សិន ដែលមកដល់ពេលនេះកំពុងប្រមូលផលហើយ ដែលក្នុងមួយសិន អាចប្រមូលផលបានពី៥ទៅ៧ស្លឹក។

ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កសិករខាងលើបន្តថា សព្វថ្ងៃនេះតម្លៃពោតនៅក្នុងទីផ្សារចុះថោកខ្លាំងណាស់ គឺក្នុងមួយផ្លូនមាន ៥០ផ្លែ គិតទាំងក្បាច់ លក់បោះដុំបានថ្លៃពី ១៦,០០០ ទៅ ១៨,០០០ រៀល តែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះលោកអះអាងថា តម្លៃនេះគ្រាន់បើជាងឆ្នាំទៅ ដែលក្នុងមួយផ្លូនលក់បានតែថ្លៃពី ១២,០០០ ទៅ ១៤,០០០រៀលប៉ុណ្ណោះ។

កសិករដដែលបន្ថែមថា បើប្រៀបធៀបទៅនឹងការចំណាយវិញ គឺត្រូវចាយលើការភ្ជួររាស់ ការបូមទឹកស្រោចស្រព ការបាញ់ថ្នាំ និងដាក់ជីផងនោះ មិនបានចំណេញនោះទេ ហើយឆ្នាំក្រោយប្រហែលជាគាត់មិនបានដាំដំណាំពោតនេះទៀតទេ។ ក្រៅពីដំណាំពោត គាត់ក៏បានដាំម្ទេស ប្លោកចំនួន ៣សិនផងដែរ ដែលសព្វថ្ងៃនេះម្ទេសប្លោកមានតម្លៃខ្ពស់គួរសម គឺក្នុងមួយគីឡូក្រាម ថ្លៃពី ២,៨០០ ទៅ ៣,០០០រៀល។

ស្ត្រីឈ្មោះ សំ ច្រឹប ជាភរិយាបុរសម្ចាស់ចម្ការពោតខាងលើ បានឱ្យដឹងដែរថា ការលក់ផ្លែពោតបោះឱ្យម៉ូយមានតម្លៃថោក ប៉ុន្តែបើគេយកទៅលក់រាយវិញ គឺមួយផ្លូនបានតម្លៃ ២ម៉ឺនរៀល។ ចំណែកអ្នកយកទៅស្ងោរលក់ ឬអាំងលក់វិញ ក្នុងពោតមួយផ្លែគេអាចលក់បានពី ១,០០០ ទៅ ១,៥០០រៀល។ ប្ដីប្រពន្ធខាងលើ ជាអ្នកដាំពោត និងដាំម្ទេសប្លោក បានអំពាវនាវផងដែរ ដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធមេត្តាជួយទប់ស្កាត់បន្លែបង្ការផ្សេងៗដែលនាំចូលពីប្រទេសជិតខាង។

«ប្រសិនបើទប់ស្កាត់បាននោះ គឺប្រជាកសិករនៅក្នុងស្រុកពិតជាសប្បាយរីករាយណាស់ គឺលក់ដូរកសិផលរបស់ពួកខ្លួនបានតម្លៃគួរសម ដែលអាចនឹងជួយដោះស្រាយជីវភាពរស់នៅបានយ៉ាងល្អប្រសើរ»។ នេះជាការបញ្ជាក់ពីលោកស្រី សំ ច្រឹប។

ទាក់ទងនឹងសំណូមពររបស់កសិករខាងលើនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងកន្លងមកក៏ធ្លាប់លើកឡើងថា ទីផ្សារសេរី កាលណាបន្លែ បង្ការសម្បូរ គឺវាចុះថោកហើយ តែបើការដាំដុះពីដើមដៃពិតជាបានថ្លៃខ្ពស់។

«ដូចនេះប្រជាកសិករយើងគួរតែជ្រើសរើស រកដំណាំណាដែលមានតម្លៃល្អនៅក្នុងទីផ្សារទៅតាមពេលវេលា និងទៅតាមតម្រូវការទើបការដាំដុះបន្លែបង្ការ នឹងទទួលបានផលចំណេញមិនមានការខាតបង់»។ លោក ងិន ហ៊ុន គូសបញ្ជាក់៕