(កណ្តាល)៖ លោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាកងកម្លាំងនគរបាល នៃទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦០៥ ត្រូវយកចិត្តទុកដាក់ខ្ពស់ សហការជាមួយកម្លាំងយោធា ដាក់គោលដៅប្រចាំការ និងចេញល្បាតជាប្រចាំ ធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានប្រជាពលរដ្ឋលួចឆ្លងដែន ក្នុងករណីពលរដ្ឋណាចង់ឆ្លងដែនជាចាំបាច់ ដាច់ខាតត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យខានតែបាន ដើម្បីទប់ស្កាត់ការីរាលដាលនៃជំងឺកូវីដ-១៩ ពីប្រទេសជិតខាង។

បទបញ្ជានេះធ្វើឡើងគ្រាដែល លោកឧត្តមសេនីយ៍ឯក តេង សួន អញ្ជើញជួបសំណេះសំណាល និងពិនិត្យការងារព្រំដែន នៅទីបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៦០៥ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, លោកស្នងការរង, លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងមន្ត្រីនគរបាលជាច្រើនរូបទៀត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក តេង សួន បានក្រើនរំលឹក និងផ្ដាំផ្ញើដល់កងកម្លាំង ត្រូវតែអនុវត្តន៍ឲ្យបានល្អបំផុតនូវគោលការណ៍ ដែលបានដាក់ចេញ, ហាមដាច់ខាតមិនឲ្យមានការលួចឃុបឃិតគ្នា អនុញ្ញាតឲ្យជនបរទេស ឬខ្មែរលួចឆ្លងចូលប្រទេសដោយខុសច្បាប់ ឬគ្មានការធ្វើចត្តាឡីស័កនោះឡើយ ពោលគឺដើម្បីអនុវត្តន៍បានម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន។

បន្ទាប់ពីមានមតិសំណេះសំណាល និងពិនិត្យការងាររួច លោកឧត្តមសេនីយ៍ឯក តេង សួន ក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដល់ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ផងដែរ៕