(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធចុះពិនិត្យ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ បានបង្កបង្កើនផលស្រូវប្រាំងប្រមាណ២,០០០ហិកតា ក្នុងឃុំសូទិព្វ, ឃុំផ្តៅជុំ, ឃុំព្រៃចារ ស្រុកជើងព្រៃ, ឃុំព្រែកកុយ ស្រុកកងមាស និងឃុំច្បារអំពៅ ស្រុកបាធាយ ដើម្បីបានប្រើប្រាស់ និងបង្កបង្កើនផល ក្នុងរដូវប្រាំងទាន់ពេលវេលា។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា បន្ទាប់ពីទទួលបានរបាយការណ៍ពីអាជា្ញធរមូលដ្ឋាន និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ លោកបានដឹកនាំអភិបាលស្រុក និងមន្ទីរពាក់ព័ន្ធចុះពិនិត្យ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ បានបង្កបង្កើនផលស្រូវប្រាំង ឲ្យបានទាន់ពេលវេលា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដំណោះស្រាយក្នុងបញ្ហានោះ លោកសម្រេចទម្លាក់កម្ពស់ទឹក១ម៉ែត្រ ក្នុងផ្ទៃបឹង ដោយយកចាប់ពីបឹងជ្រោយជាគោល ស្ថិតនៅក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ ព្រមទាំងកាយដីបើកមុខទឹកដាក់លូបន្ថែម ចំនួន២ខ្សែ នៅចំណុចទំនប់អន្លង់ជ្រៃ និងកាយដីបើកមុខទឹក ដាក់លូ២ខ្សែ បន្ថែមទៀត នៅទំនប់ស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ។

ដោយជាមួយវិធានការបន្ទាន់នេះ ក្រុមការងារជំនាញ និងគ្រឿងចក្រ បានធ្វើសកម្មភាពភ្លាមៗផងដែរ គិតមកដល់រសៀលថ្ងៃដដែលនេះ ការងារសម្រេចបានប្រមាណ៩០% និងបញ្ចប់នៅព្រឹកថ្ងៃស្អែក។

គូរបញ្ជាក់ផងដែរថា បន្ទាប់ពីការធ្វើសកម្មភាពឆ្លើយតបបន្ទាន់បែបនេះ ប្រជាពលរដ្ឋទាំង៥ឃុំ ស្រុកទាំង៣ មានការសប្បាយរីករាយ និងសាទរជាមួយការដោះស្រាយរបស់អាជ្ញាធរ ដែលបានជួយពួកគាត់ ហើយពួកគាត់ក៏បានចូលរួមសហការជាមួយ អាជ្ញាធរដើម្បីពន្លឿនការងារនេះផងដែរ៕