(ភ្នំពេញ)៖ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសផ្តល់រង្វាន់ម៉ូតូមួយគ្រឿង ដល់បងប្អូនណាដែលបានជួយផ្តល់ព័ត៌មានពីក្រុមជនដៃដល់ ដែលបានបាញ់សម្លាប់មនុស្សចំនួន២នាក់ និងរបួសម្នាក់នៅក្នុងទឹកដីមូលដ្ឋានរបស់ខ្លួន។ ចំពោះអ្នកដែលពាក់ព័ន្ធបានចូលរួមធ្វើសកម្មភាព ជាមួយជនដៃដល់ សូមឆាប់ចេញមុខសារភាពប្រគល់ខ្លួនមកឲ្យសមត្ថកិច្ចនោះ នឹងទទួលបានការសម្រាលទោសពីច្បាប់។

សូមរំលឹកថា ករណីសោកនាថកម្មនៃបាញ់ប្រហារដ៏សាហាវនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខហាងលក់ទូរស័ព្ទពន្លកថ្មី ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យមនុស្ស២នាក់ បានស្លាប់ដោយសារគ្រាប់កាំភ្លើង និងម្នាក់ទៀតរងរបួសធ្ងន់។

លោក ម៉ន វុធី បានឲ្យដឹងថា សមត្ថកិច្ចធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះអំពើដ៏ឃោជ៊ឃៅមួយនេះ ដែលមិនអាចលើកលែងបានឡើយ។ ចំពោះសាធារណជនទាំងឡាយណា ដែលបានឃើញឬស្គាល់ ឬមានដំណឹងរបស់ជនសង្ស័យ សូមរាយការណ៍លេខលោក អធិការផ្ទាល់ ដែលមានទូរស័ព្ទលេខ៖

*012 932 666
*010 222 239
*077 936 666

សមត្ថកិច្ចថា ការរាយការណ៍ទៅកាន់សមត្ថកិច្ច នឹងធានារក្សាសុវត្ថិភាពការសម្ងាត់ជូនបងប្អូនយ៉ាងស្ងៀមស្ងាត់។

ករណីបាញ់ប្រហារនេះ បណ្តាលឲ្យជនរងគ្រោះ ២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សៀក លីម ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់នៅពេទ្យលោកសង្ឃ) និងឈ្មោះ សុខ ស៉ីដេត ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់នៅពេទ្យ លោកសង្ឃ)។ ចំណែកឈ្មោះ បូ រ៉ាភី ភេទប្រុស អាយុ៤៦ឆ្នាំ របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៉ី។

នគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ ឈីវ ហៃ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ផ្លែឈើបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ឈ្មោះ អាត់ ផា អាយុ៣៣ឆ្នាំ បានបើករថយន្ត មកឈប់មុខផ្ទះបំណងយកកូនទៅពេទ្យ លុះឈប់បានបន្តិចក៏មានម៉ូតូកង់បីមួយគ្រឿង ពណ៌ស បើកមកទល់មុខឡាន ហើយស៉ីផ្លេពីរបីដងឲ្យប្តីគាត់ បើកឡានគេចចេញ ហើយប្តីគាត់បាននិយាយថា គាត់អែបខាងហើយ បងឯងបើកគេចទៅខាងណោះទៅ បន្ទាប់មកក៏មានទំនាស់គ្នា រួចក៏បែកគ្នាទៅ។

មួយសន្ទុះក្រោយមក ជនបង្កបានបើកកង់បីត្រឡប់មកវិញ ដោយមានបក្ខពួកមកជាមួយផងរួមនឹងម៉ូតូ២គ្រឿង (មិនដឹងចំនួនមនុស្ស) បានបង្កទំនាស់ម្តងទៀតរហូតដល់មានការប្រតាយប្រតប់គ្នា ឈានដល់ការបាញ់ប្រហារគ្នាតែម្តង ដោយឡែកប្តីរបស់គាត់បានគេចចេញពីកន្លែងកើតហេតុ៕