(ភ្នំពេញ)៖ លោក យិត សូវួច សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញមកបដិសេធចំពោះការចោទប្រកាន់ថា លោករំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តាមរយៈការបង្រួមផ្លូវ២០ម៉ែត្រ មកត្រឹម១០ម៉ែត្រ នៅលើកំណាត់ផ្លូវលេខ ១៩៤៤ ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការចេញមុខបដិសេធនេះ ធ្វើឡើងក្រោយមាន ប្រជាពលរដ្ឋ ប្រមាណ២០នាក់ បានលើកគ្នាតវ៉ា កាលពីម្សិលមិញ ដោយចោទប្រកាន់លោកថា បានសាងសង់របងស័ង្កសីរំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋ ដល់ទៅ១០ម៉ែត្រ នៅលើកំណាត់ផ្លូវលេខ ១៩៤៤ ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក យិត សូវួច បានអះអាងថា លោកបានទិញដីខាងលើនេះពីប្រជាពលរដ្ឋ តាំងពីឆ្នាំ១៩៩២ ដែលមានទំហំ ៥៩៨៤,២៥ ម៉ែត្រការ៉េ (អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទទួលស្គាល់) ដោយគ្មានផ្លូវនោះទេ ហើយលោកមានទាំងលិខិតទិញលក់ដី លិខិតបញ្ជាក់ប្រវត្តិដី និងមានលិខិតអនុញ្ញាតឲ្យបង្រួមផ្លូវលេខ ១៩៤៤ នេះពី២០ម៉ែត្រ មកនៅត្រឹម១០ម៉ែត្រ ពីសាលារាជធានីភ្នំពេញ រហូតទទួលបានប័ណ្ណសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិស្របច្បាប់) ត្រឹមត្រូវនៅចុងឆ្នាំ២០២០ ផងដែរ។

លោក យិត សូវួច បានអះអាងលម្អិតយ៉ាងដូច្នេះថា «ការពិតពីដើមឡើយកំឡុងឆ្នាំ១៩៩២ គឺលោកបានទិញដីនេះពីប្រជាពលរដ្ឋឈ្មោះ ផា ណន ដែលមានលិខិតកាន់កាប់ឆ្នាំ១៩៨៤ ដោយគ្មានផ្លូវនោះទេ ព្រោះជាដីបឹង រហូតមកដល់កំឡុងឆ្នាំ២០០៥-២០០៦ ស្រាប់តែសាលារាជធានីភ្នំពេញគូប្លង់ចេញមកបែរជាចំលើដីរបស់លោក (សាលារាជធានីខ្វៀលកាត់ដីលោក២០ម៉ែត្រពីខាងមុខដល់ខាងក្រោយ) បណ្ដាលឲ្យខូចទ្រង់ទ្រាយដីរបស់លោកស្ទើរទាំងស្រុង ដែលមិនអាចប្រើការកើត (ដីម្ខាងរាងចតុកោណ និងម្ខាងទៀតរាងពហុកោណ)»

លោកថា លុះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកបានដាក់ពាក្យស្នើសុំទៅសាលារាជធានីភ្នំពេញ ដើម្បីបិទផ្នែកខាងចុងនៃផ្លូវ (ខាងកើតដី) ជាប់ផ្លូវរ៉ាដា តែសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យបិទឡើយ។

លោកបន្តថា លោកបានឯកភាពជាមួយសាលារាជធានីភ្នំពេញ ដើម្បីសិក្សាក្នុងការយល់ព្រមបង្រួមផ្លូវលេខ១៩៤៤ នេះពី២០ម៉ែត្រ មកនៅត្រឹម១០ម៉ែត្រវិញ ទើបអាចបិទផ្នែកខាងចុងនៃផ្លូវ (ខាងកើតដី) ជាប់ផ្លូវរ៉ាដានេះបាន ហើយអាចចេញទាំងប័ណ្ណសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនលោកថែមទៀតផង នៅចុងឆ្នាំ២០២០ (លោកទទួលប័ណ្ណកម្មសិទ្ធិស្របច្បាប់លើដីនេះឆ្នាំ២០២០) ទើបលោកសម្រេចធ្វើរបងស័ង្កសីឡោមព័ទ្ធដីរបស់លោកតែម្ដងទៅ ដើម្បីការពារទ្រព្យសម្បត្តិផ្សេងៗ ក្រោយពីសាលារាជធានី សម្រេចចេញប្លង់ទាំងអស់ ជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវរ៉ាដានេះ។

បើលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា យោងតាមប្លង់គឺផ្លូវលេខ ១៩៤៤ ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ពិតជាមានទំហំ ចំនួន២០ម៉ែត្រ ប្រាកដមែន ប៉ុន្តែក្រោយមកដោយសារផ្លូវ ២០ម៉ែត្រនេះ វះចំដីរបស់លោក យិត សូវួច ជាពីរ (ពោលគឺវះចំពាក់កណ្ដាលដីលោក យិត សូវួច) ទើបលោក យិត សូវួច សម្រេចដាក់ពាក្យទៅគណៈកម្មការរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំបង្រួមផ្លូវមួយខ្សែរនេះ ពី២០ម៉ែត្រ មកនៅត្រឹម ១០ម៉ែត្រវិញ ហើយមានទាំងលិខិតអនុញ្ញាត្តត្រឹមត្រូវ៕