(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងរបស់កម្ពុជា ដែលជាប្រធានគណៈកម្មការទី៧ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានលើកឡើងថា ប្រទេសកម្ពុជា ដែលធ្លាប់ជាប្រទេសញ៉ាំញីដោយសារសង្គ្រាម បានក្លាយជាប្រទេសម្ចាស់ផ្ទះ សម្រាប់រៀបចំកិច្ចប្រជុំកំពូលៗរបស់ពិភពលោកជាច្រើន។ នេះបើតាមសំណេរលើ Facebook របស់លោក ហ៊ុន ម៉ានី។

តំណាងរាស្ត្រ ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាដែលធ្លាប់តែជាប្រទេសមួយញ៉ាំញីដោយសារភ្លើងសង្គ្រាម (រួមទាំងរបបប្រល័យពូជសាសន៍) បាន និងកំពុងក្លាយជាប្រទេសមួយ ដែលមានសុខសន្តិភាពពេញលេញ មានមុខមាត់លើឆាកអន្តរជាតិ និងកំពុងទទួលបាននូវជំនឿទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលជាតិ និងអន្តរជាតិធំៗជាបន្តបន្ទាប់»។

បើតាម លោក ហ៊ុន ម៉ានី, កន្លងមក កម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗរួមមាន៖ កិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៣៧ (WHC) ក្នុងឆ្នាំ២០១៣ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០១៧ ហើយនាពេលខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ (ASEM13) និងកិច្ចប្រជុំ ASEP លើកទី១១ ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសភា មកពីបណ្តា ៥៣ប្រទេសដែលជាសមាជិកក្នុងកិច្ចប្រជុំកំពូលអាស៉ី- អឺរ៉ុប។

លោកបន្ថែមថា ភាពជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអន្តរជាតិល្បីៗនេះ គឺបានបង្ហាញយ៉ាងច្បាស់នូវសក្តានុពល និងសមត្ថភាពគ្រប់គ្រាន់របស់កម្ពុជា ក្នុងការផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់បណ្តាថ្នាក់ដឹកនាំនៃប្រទេសអន្តរជាតិនានាដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំ ជាពិសេសក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបស្ថានភាពវិបត្តិកូវីដ១៩៕