(ក្រចេះ)៖ លោកស្រី គង់ សូរីតា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងលោកស្រី ខាំ សុភាព អភិបាលរងខេត្ត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការប្រើប្រាសើបច្ចេកវិទ្យា និងសុវត្ថិភាពហិរញ្ញវត្ថុ» ដោយក្រសួងកិច្ចការនារី សហការជាមួយធនាគាជាតិ នៃកម្ពុជា និងក្រុមហ៊ុនវិសា។

លោកស្រី គង់ សូរីតា បានលើកឡើងថា កម្មវិធីថ្ងៃនេះ កើតឡើងតាមរយៈកិច្ចសហការភាពជាដៃគូរវាង ក្រសួងកិច្ចការនារី និងធនាគាជាតិ នៃកម្ពុជា និងក្រុមហ៊ុនវីសា ក្នុងគោលបំណងបង្កើនការយល់ដឹង និងផ្សព្វផ្សាយអប់រំ ដល់យុវសិស្សដែលកំពុងសិក្សានៅមហាវិទ្យាល័យ អំពីការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ មូលធនសម្រាប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់សេវាហិរញ្ញវត្ថុ ដើម្បីរួមចំណែកកាត់បន្ថយចំណាយក្នុងគ្រួសារ និងបណ្ដុះគំនិតអាជីវកម្មសម្រាប់យុវជន ជាពិសេសយុវនារីនៅតាមមូលដ្ឋាន។

ក្រសួងកិច្ចការនារី, ធនាគារជាតិ នៃកម្ពុជា, ក្រុមហ៊ុនបេនជី និងសហគ្រិន ដែលនឹងមកបង្ហាញជូនអំពីខ្លឹមសារពាក់ព័ន្ធដូចជា៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅកម្ពុជា, បញ្ហាប្រឈមរបស់ស្ត្រី ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ-ការគ្រប់គ្រងចំណាយ និងដំណើរការចាប់ផ្ដើមអាជីវកម្ម និងការអភិវឌ្ឍន៍ធុរកិច្ច ដោយប្រើប្រាស់ប្រព័ន្ធឌីជីថល។

លោកស្រីបន្តទៀតថា ការសិក្សានៅក្នុងតំបន់បានបង្ហាញថា ចំណុចអាទិភាពចម្បងមួយ ក្នុងការធ្វើកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ តាមរយៈការជំរុញ ឲ្យមានការចូលរួមឲ្យអស់នូវសក្តានុពលរបស់ជនគ្រប់រូបក្នុងសង្គម គឺការជំរុញឲ្យស្ត្រី និងក្មេងស្រី បានចូលរួមក្នុងការអភិវឌ្ឍធុរកិច្ច, ចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

តាមរយៈការសិក្សានេះ មិនមែនបង្ហាញត្រឹមតែពីភាព វ័យឆ្លាត ក្នុងការវិនិយោគដើម្បីកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសមួយ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទេ តែក៏ជាការគិតគូរវៃឆ្លាតផងដែរ នៅក្នុងកម្រិតគ្រួសារនីមួយៗ មានន័យថា នៅក្នុងគ្រួសារណាដែលមានស្ត្រី និងក្មេងស្រីអាចទទួលបាន និងប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ដោយប្រសិទ្ធភាព, មានចំណេះដឹងហិរញ្ញវត្ថុ និងសមត្ថភាពខ្ពស់ផ្នែកធុរកិច្ច ពិតណាស់គ្រួសារនោះពិតជាមានលទ្ធភាពជីវភាពប្រសើរ៕