(ភ្នំពេញ)៖ លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាមេធាវីស្ម័គ្រចិត្ត មិនត្រូវការពារក្តីជូនកូនក្តីរបស់ខ្លួន ដើម្បីបង្គ្រប់កិច្ចនោះទេ ប៉ុន្តែ ត្រូវបំពេញតួនាទីរបស់ខ្លួនតាមក្រមសីលធម៌ វិជ្ជាជីវៈ ដែលច្បាប់បានកំណត់ ខណៈមានមេធាវីមួយចំនួនតូច បានទទួលទណ្ឌកម្មចំពោះករណីនេះរួចទៅហើយ។

ខណៈរយៈពេល ១០០ថ្ងៃមកនេះ គណៈមេធាវីកម្ពុជា បានចាត់តាំងមេធាវីស្ម័គ្រចិត្តឱ្យជួយការពារក្រីក្រនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ បានចំនួន ២,១៦៧ករណី មានកូនក្តីចំនួន ៣,៦៥៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៣១២នាក់ និងកុមារចំនួន ៧៨៧នាក់។

ការបញ្ជាក់បែបនេះ របស់លោកមេធាវី លី ច័ន្ទតុលា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលការងារគណៈមេធាវី ក្នុងរយៈពេល១០០ថ្ងៃ» សម្រាប់អាណត្តិទី១៣ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ប្រធានគណៈវិធាវីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណៈមេធាវីក៏បានឮ និងការរាយការណ៍មកខ្លះដែរ តែមិនមែនទូទៅទាំងអស់ទេ អញ្ចឹងហើយគណៈមេធាវីមានយន្តការពង្រឹងមេធាវី បានណែនាំទៅមេធាវីថា យើងអត់ត្រូវធ្វើអញ្ចឹងទេ នៅពេលដែលទទួលបានរឿងក្តីមក គឺយើងត្រូវមានសំណុំរឿងមើល...! យើងត្រូវសិក្សារឿងហ្នឹង ហើយយើងការពារឱ្យបានត្រឹមត្រូវ»

លោកមេធាវី លី ច័ន្ទតុលា បានគូសបញ្ជាក់បន្ថែមថា៖ «តាំងពេលខ្ញុំបានកាន់តំណែងជាប្រធានគណៈមេធាវីនេះ គឺខ្ញុំបានប្រជុំជាមួយប្រតិភូប្រចាំរាជធានី-ខេត្ត ទាំងអស់ដែរ អញ្ចឹងយើងបានធ្វើការណែនាំពួកគាត់ ពេលទទួលបានការពារក្តីហើយ គឺត្រូវការពារឱ្យបានពេញលេញ មិនធ្វើបង្គ្រប់កិច្ចទេ ហើយកន្លងមកនេះយើងធ្លាប់មានដាក់ទណ្ឌកម្ម មេធាវីដែលធ្វើបង្គ្រប់កិច្ចផងដែរ»

ទន្ទឹមនឹងនេះ លោកមេធាវី លី ច័ន្ទតុលា បានឱ្យដឹងថា មេធាវីទាំងអស់ គឺមានក្រមសីលធម៌ វិជ្ជាជីវៈ ដែលកំណត់ថាមេធាវីទាំងអស់ត្រូវការពារក្តីជូនកូនក្តីរបស់ខ្លួន ដោយយកចិត្តទុកដាក់ ជាពិសេសត្រូវបំពេញភារកិច្ចរបស់ខ្លួនឱ្យអស់ពីសមត្ថភាព។

លោកមេធាវី លី ច័ន្ទតុលា បានបន្តថា ជាមួយនឹងការការពារក្តី និងផ្តល់ប្រឹក្សាផ្នែកច្បាប់ជូនជនក្រីក្រនេះដែរ គណៈមេធាវីមានមេធាវីស្ម័គ្រចិត្តការពារជូនជនក្រីក្រ នៅទូទាំងប្រទេសសរុបចំនួន ៣០៨រូប បើទោះបីជាចំនួននេះមានកម្រិតនៅឡើយ ប៉ុន្តែ លទ្ធផលដែលក្រុមមេធាវីស្ម័គ្រចិត្តបំពេញរយៈពេល១០០ថ្ងៃមកនេះ ទទួលបានលទ្ធផលយ៉ាងល្អផងដែរ។

ដើម្បីពង្រឹងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ប្រធានគណៈមេធាវីកម្ពុជា បានបញ្ជាក់បន្ថែមថា គណៈមេធាវី បាននឹងកំពុងសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការរៀបចំឱ្យមានមេធាវីប្រចាំនៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត ស្របតាមសេចក្តីជូនដំណឹងលេខ ១០២៨ សជណ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការរៀបចំក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្ត។

បន្ថែមពីនេះ បានសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី លើគម្រោងការពារស្រ្តី និងក្មេងស្រី ក្រីក្រីដែលរងគ្រោះក្នុងអំពើរំលោភសេពសន្ថវៈ អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរផ្លូវភេទ និងអំពើនៃការបំពានសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី, សហការជាមួយមជ្ឈមណ្ឌលមជ្ឈត្តការជាតិផ្នែកពាណិជ្ជកម្ម ក្នុងការបង្កើនចំណេះដឹងដល់មេធាវី និងផ្សព្វផ្សាយអំពីព័ត៌មាន និងសេវាកម្មមេធាវី ធ្វើយ៉ាងណាឱ្យភាគីមាន ជំនឿទុកចិត្ត ហើយប្រើប្រាស់សេវាមេធាវីឱ្យកាន់តែច្រើន សហការជាមួយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ក្នុងការបណ្តុះបណ្តាលបន្ថែមដល់មេធាវី និងជួយផ្សព្វផ្សាយអំពីសេវាមេធាវីដល់សហគ្រិន វិនិយោគិន និងម្ចាស់នៃកម្មសិទ្ធិបញ្ញាដើម្បីប្រើប្រាស់សេវាមេធាវីឱ្យកាន់តែច្រើន៕