(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ បានថ្លែងថា ការកែសម្រួលអនុក្រឹត្យស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល ដោយដំឡើងប្រាក់ពិន័យ អ្នកគេចវេះមិនធ្វើចត្ដាឡីស័ក គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។

ការថ្លែងបែបនេះរបស់លោក ខណៈដែលមានមតិមួយចំនួន បានចោទសួរលោកថា តើរាជរដ្ឋាភិបាលខ្វះលុយ ឬចង់រកចំណូលតាមការដំឡើងប្រាក់ពិន័យ ឬយ៉ាងណា? លោក គឺម សន្ដិភាព បានបញ្ជាក់លើករណីនេះយ៉ាងដូច្នេះថា «ការដំឡើងប្រាក់ពិន័យនេះ ពុំមែនដើម្បីរកចំណូលនោះទេ ។ គោលបំណងតែមួយមុខគត់របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដនៅក្នុងប្រទេស»

លោកបានថ្លែងដូច្នេះ ក្នុងសន្និសីទព័ត៌មានស្តីពី ការកែសម្រួលអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល នៅថ្ងៃទី១៩ ខែកុម្ភៈ នាទីស្ដីការក្រសួងសុខាភិបាល។

អ្នកនាំពាក្យក្រសួងយុត្ដិធម៌រូបនេះ បានបញ្ជាក់ទៀតថា រដ្ឋាភិបាលនីមួយៗនៅពេលដែលឃើញប្រាក់ពិន័យមានការកើនឡើង គឺមានតែភ័យខ្លួន ព្រោះប្រជាពលរដ្ឋ មិនចូលរួមអនុវត្ដច្បាប់។ ដូច្នេះការកើនឡើងនូវប្រាក់ពិន័យ មិនមែនជាការសប្បាយចិត្ដទេ គឺជាការកង្វល់។

លោកបន្ដថា «រាជរដ្ឋាភិបាលកម្ពុជា កែសម្រួលការដំឡើងប្រាក់ពិន័យនេះ គឺជាវិធានការទប់ស្កាត់ការប្រព្រឹត្ដបទល្មើស កុំឱ្យមានការគេចវេះ គេចចេញ ឬខុបខិតគ្នារាលរាំងវិធានការសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺ១៩»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញផ្សព្វផ្សាយពីការកែសម្រួលអនុក្រឹត្យនេះ ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់ការធ្វើចត្តាឡីស័ក។ ជាពិសេសចាត់វិធានការ ចំពោះអ្នកដែលមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។ អនុក្រឹត្យនេះ បានសម្រេចបង្កើនកម្រិតការផាកពិន័យធ្ងន់ធ្ងរជាងមុន សម្រាប់ជនគេចវេះ និងជនឃុបឃិតក្នុងការគេចវេះពីការធ្វើចត្តាឡីស័ក។

មាត្រា៨ បានចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ចំពោះបុគ្គលដែលគេចវះពីការធ្វើចត្តាឡីស័ក។

មាត្រា៩ ចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ចំពោះបុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។

មាត្រា១០ ចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ចំពោះបុគ្គលដែលធ្វើចត្តាឡីស័ក ដោយមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅ វិភាគរកមេរោគកូវីដ-១៩។ ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលត្រូវធ្វើចត្តាឡីស័ករួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្ត្រីសុខាភិបាលយកសំណាក ទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ។

មាត្រា១១ ចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីកន្លែងធ្វើចត្តាឡីស័ក។

មាត្រា១២ ចែងថា ពិន័យអន្តរការណ៍ជាប្រាក់ពី ១០លាន ទៅ៥០លាន ចំពោះគ្រឹះស្ថានសុខាភិបាលឯកជនទាំងអស់ ដែលជួយលាក់បាំង និងមិនបានធ្វើការជូនដំណឹងបន្ទាន់ទៅក្រសួងសុខាភិបាល ក្នុងករណីពិនិត្យឃើញថា អ្នកជំងឺដែលកំពុងទទួលសេវាព្យាបាលនៅក្នុងគ្រឹះស្ថានរបស់ខ្លួន មានតម្រុយបញ្ជាក់ថា ជាអ្នកជំងឺដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬកំពុងគេចចេញពីការធ្វើចត្តាឡីស័ក។

មាត្រា១៣ បានចែងថា ប្រាក់ពិន័យនឹងបង្កើនទ្វេដងករណីបទល្មើស នៅតែបន្តប្រព្រឹត្តិម្តងទៀត។

សូមបញ្ជាក់ថា ការកែសម្រួលបង្កើនកម្រិតប្រាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនចូលរួមធ្វើចត្តាឡីស័កនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានរកឃើញថា មានពលករមួយចំនួន ដែលត្រឡប់មកពីប្រទេសថៃ បានគេចវេះមិនធ្វើចត្តាឡីស័កនៅព្រំដែន។ ករណីបែបននេះ បាននាំទៅដល់ការដកតំណែងអធិការស្រុកកំរៀង ខេត្តបាត់ដំបងកន្លងទៅថ្មីៗនេះ៕