(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយរបស់គណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីផ្សព្វផ្សាយ និងអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាបន្ដយ៉ាងម៉ឺងម៉ាត់ជូនប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ពិសេសនគរបាល អាវុធហត្ថ និងមន្ដ្រីសុខាភិបាល ត្រូវធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ពង្រឹងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាដាលជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹងពី លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជា និងអំពាវនាវចំនួន៦ចំណុច ដល់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋ ដើម្បីរួមគ្នាទប់ស្កាត់ព្រឹត្តិការណ៍ «២០កុម្ភៈ» ដែលជាព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជាជាថ្មីម្តងទៀត។

ការចេញបទបញ្ជានេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣២ករណី នៅលើខ្លួនជនជាតិចិន ដែលបានចូលទៅកាន់ក្លឹបកម្សាន្តមួយឈ្មោះ «N8» នៅតំបន់កោះពេជ្រ នៅយប់ថ្ងៃទី១៩ និង២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ថ្លែងតាមរយៈសារជាវីដេអូជាបន្ទាន់មួយ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា និងអំពាវនាវដូចតទៅ៖

ទី១៖ ស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងពលរដ្ឋដែលរស់នៅតំបន់នោះ ដែលអាជ្ញាធរតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្ត និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់។ សម្តេចថ្លែងថា អ្នកនៅតំបន់នេះនឹងមានផលប៉ះពាល់ ប៉ុន្តែរាជរដ្ឋាភិបាលគ្មានជម្រើសទេ។ពលរដ្ឋដែលក្នុងតំបន់នោះ អនុញ្ញាតឱ្យមានការចូលបើសិនជាគាត់ជាម្ចាស់ផ្ទះ ប៉ុន្តែមិនអនុញ្ញាតឱ្យចេញមកក្រៅនោះទេ។

ទី២៖ ត្រូវបន្តយកសំណាកដើម្បីធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ លើកនេះ ហើយបន្ទាប់ពីធ្វើតេស្ត ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីរង់ចាំការធ្វើតេស្តលើកទី២ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន។សម្តេចបានថ្លែងថា ប្រតិបត្តិការនេះត្រូវធ្វើឱ្យលឿន ដោយអំពាវនាវឱ្យពលរដ្ឋដែលពាក់ព័ន្ធធ្វើការសហការដើម្បីឱ្យក្រុមគ្រូពេទ្យចូលទៅយកសំណាក ដើម្បីធ្វើតេស្ត។សម្តេចស្នើឱ្យក្រសួងសុខាភិបាល ពិចារណាក្នុងការធ្វើតេស្ត២ដងឬ៣ដង?

ទី៣៖ អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 ទោះទៅដល់ទីណាក៏ដោយ។ សម្តេចថ្លែងថា បណ្តាខេត្តដែលមិនទាន់កើត ក៏ត្រូវមានការប្រុងប្រយ័ត្ន ព្រោះការឆ្លងបែបនេះ នឹងបន្តរីករាលដាលទៅកាន់បណ្តាខេត្ត ដែលបទពិសោធន៍កន្លងមកមានរួចហើយ ដូចជាព្រឹត្តិការណ៍៣វិច្ឆិកា រាលដាលដល់១០រាជធានី-ខេត្ត និង២៨វិច្ឆិការាលដាលដល់ជាង២០រាជធានី-ខេត្តជាដើម។ បណ្តាខេត្តត្រូវមានការសម្របសម្រួល និងសហការ ដល់ការស្វែងរកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ។

ទី៤៖ ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ ហើយក្រុមគ្រូពេទ្យត្រូវខិតខំយកសំណាក។ ចំពោះការធ្វើចត្តាឡីស័ក អ្នកដែលមាន អាផាតមិន ត្រូវរស់នៅតាមអាផាតមិន អ្នកដែលមានផ្ទះ ត្រូវធ្វើនៅតាមទីកន្លែងផ្ទះរៀងៗខ្លួន ហើយអាជ្ញាធរត្រូវទទួលខុសត្រូវលើអ្នកធ្វើចត្តាឡីស័កទាំងនេះ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យកើតមានករណីប៉ុន្មានថ្ងៃមុន ដែលស្រ្តី៤នាក់ ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយចូលទៅវិញដោយក្នុងនោះមាន២នាក់ ត្រូវបានរកឃើញមានកូវីដ១៩ ដែលករណីគឺមានការជួយសម្រួលពីសន្តិសុខ។

ទី៥៖ អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប N8 ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង៣២នាក់នេះ ត្រូវមានម្ចាស់ការមកឱ្យពិនិត្យសំណាក ព្រោះបន្តទៅទៀតជំងឺខ្លួនឯងក៏មាន ហើយអាចបន្តចម្លងធំទៅៗ ដែលយើងត្រួតត្រាលែងបាន។ សម្តេចស្នើឱ្យមានការយកចិត្តទុកដាក់ចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់។

ទី៦៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត តែពិសេសរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ៣ការពារ និង៣កុំ។ សម្តេចប្រកាសឱ្យអនុវត្តការពាក់ម៉ាស់នៅគ្រប់ទីធ្លាសាធារណៈទាំងអស់ ដោយរក្សាគម្លាត និងលាងដៃ។ សម្តេចតេជោ ហ៊ុន សែន មិនចេញបញ្ជាឱ្យបិទពិធីមង្គលការ ឬសាលារៀនទាំងរដ្ឋ និងឯកជនទេ ក្នុងករណីដែលពលរដ្ឋអនុវត្តវិធានការត្រឹមត្រូវ តែសម្តេចអំពាវនាវឱ្យអនុវត្តវិធានការ៣កុំ៣ការពារ។ សម្តេចតេជោ ហ៊ុន សែន បន្តប្រាប់ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន បើគ្មានការចាំបាច់ សូមកុំចេញពីផ្ទះ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាប្រជាពលរដ្ឋទាំងអស់ នឹងបន្តចូលរួមជាមួយវិធានការ «៣ការពារ៣កុំ»