(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដែផ្ដាំទៅកាន់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ កុំត្រឡប់មកកម្ពុជាវិញ ក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ។ ដោយសារតែសភាពការណ៍នៃជំងឺ COVID-19 នៅក្នុងតំបន់ កំពុងតែមានស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់។ សម្ដេចបានផ្ដែផ្ដាំបែបនេះ នៅក្នុងឱកាសដែលសម្ដេចបានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រកាសជាផ្លូវការនៃ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ក្រោយពីបានរកឃើញអ្នកឆ្លងជំងឺCOVID-19 ចំនួន៣២នាក់ ដែលពាក់ព័ន្ធនឹងក្លឹប N8 ដែលមានទីតាំងនៅជិតស្តាតអូឡាំពិក នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិរបស់យើងនឹងទទួលយកនូវអ្វីដែលជាការដាក់ចេញនូវការអំពាវនាវ ក៏ដូចជាដាក់ចេញនូវបទបញ្ជា សម្រាប់ដំណើរការ។ ហើយអាជ្ញាធគ្រប់ទីកន្លែងរទាំងអស់បន្តធ្វើកិច្ចការងារនេះ។ ដៃម្ខាងទប់ជាមួយនឹងការរីករាលជាមួយនិងប្រទេសថៃ និងប្រទេសវៀតណាម។ ដោយចេញពីវៀតណាមគឺហាក់ដូចជាថយចុះហើយ ថៃក៏មានការថយចុះដែរ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើង អាចនឹងមកចូលឆ្នាំ។

ក៏សូមផ្ដាំទៅប្រជាពលរដ្ឋរបស់យើង នៅឯព្រះរាជាណាចក្រថៃឲ្យបានជ្រាប ទោះបីមកក៏អត់បានចូលឆ្នាំដែរ។ ព្រោះមកត្រូវនៅធ្វើចត្តាឡីស័ក នៅទល់ដែន។ ប៉ុន្តែបើមកមុនគឺមិនមានបញ្ហាទេ ប៉ុន្តែបើមកដើម្បីតែចូលឆ្នាំគឺមិនបានចូលឆ្នាំទេ។ ច្បាស់ជាចូលឆ្នាំនៅក្នុងតំបន់ធ្វើចត្តាឡីស័ក អត់ឲ្យចូលមកខាងក្នុងទេ ដល់ពេលត្រឡប់ទៅថៃវិញ គឺត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត។ អីចឹងមកកម្ពុជាអស់១៤ថ្ងៃ ទៅថៃវិញអស់១៤ថ្ងៃ អីចឹងក្មួយៗកម្មករ កម្មការិនីរបស់យើង ពលករ ពលការិនីនៅប្រទេសថៃ គឺកុំមកប្រទេសកម្ពុជា»

ជាងនេះទៅទៀតសម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានក្រើនរំលឹកទៅកាន់ប្រជាពលរដ្ឋខ្មែរ កុំឲ្យមានការធ្វេសប្រហែសឲ្យសោះ ដរាបណា COVID-19 មិនទាន់ចប់ ដូច្នេះកុំទាន់អួតថាខ្លួនខ្លាំងពូកែ ទោះបីជាកន្លងមកយើងគ្រប់គ្រង និងទប់ស្កាត់កូវីដ១៩ បានល្អក៏ដោយ។

ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖ «យើងមិននឹកស្មានថា តែមួយប្រ៉ឹមសោះជំងឺនៅកម្ពុជាថ្ងៃនេះនឹងឡើងដល់ជាង៥០០ទៅហើយ។ ព្រោះវាហក់តែមួយភ្លេតដល់៣២នាក់ទៅ ហើយមិនដឹងថាថ្ងៃនេះយើងអាចរកឃើញបានប៉ុន្មានទៀត គ្រាន់តែយើងមិនទាន់មានអ្នកស្លាប់តែប៉ុណ្ណោះ។ ដូច្នេះជំងឺមួយនេះមិនអាចធ្វេសប្រហែលបានទេ ព្រោះយើងមើលមិនឃើញទាល់តែសោះ។ មិនអាចថាកម្ពុជាឆ្លងតិច កុំអាល ដរាបណា COVID-19 មិនទាន់ចប់ពេលនោះកុំអាលអួតថា ខ្លាំងពូកែ គ្រប់គ្រងបានឬមិនបាន គ្រាន់តែរយៈពេលកន្លងទៅយើងគ្រប់គ្រងបានល្អ។ ហើយចង់ឲ្យល្អជាងនេះទៅទៀតដរាបទាល់តែជំងឺ COVID-19 អស់ពីពិភពលោក ទើបយើងប៉ាន់ស្មានបាន»

សូមបញ្ជាក់ដែរថា បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គិតត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាលបានរកឃើញការឆ្លងកូវីដ១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ រហូតដល់៣២ករណី ដែលជាករណីមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តន៍នូវវិធានការការពាកូវីដ១៩ ៣ការពារ និង៣កុំ ដើម្បីឈានដល់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យបានឆាប់៕