(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំ ជាក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងមន្រ្តីប្រចាំការជួរមុខ នៅមជ្ឈមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានណែនាំឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នា ពង្រឹងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល លើប្រជាពលរដ្ឋជាពលករត្រឡប់ពីធ្វើការនៅប្រទេសថៃ សំដៅទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឲ្យជ្រៀតចូលទៅក្នុងសហគមន៍។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានឧបត្ថម្ភដល់មជ្ឈមណ្ឌលចត្តាឡីស័កទាំង១៣ របស់ខេត្តបន្ទាយមានជ័យ មានម៉ាស់ចំនួន១០ម៉ឺនបន្ទះ និងថវិកាឧបត្ថម្ភសរុប ចំនួន២៦លានរៀល៕