(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា មន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំ បូកសរុបលទ្ធផលអនុវត្តភារកិច្ចប្រចាំឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់គណៈកម្មាធិការគណបក្ស មន្ទីរសុខាភិបាល ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងធ្វើការកោតសរសើរ ដល់សមាជិក សមាជិការបស់មន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានខិតខំយកចិត្តទុកដាក់ ក្នុងការចុះពង្រឹងការងារបក្ស និងបានជួយប្រជាពលរដ្ឋមានទុក្ខលំបាក ព្រមទាំងព្យាបាលពលរដ្ឋដែលមានជំងឺរ៉ាំរ៉ៃ ដល់លំនៅឋានផងដែរ។

លោកបានបញ្ជាក់ថា ទោះបីសមាជិកបក្សមានភាពមមាញឹក ក្នុងការងារជំនាញយ៉ាងណាក៏ដោយ ក៏សមាជិកបក្សខិតខំចំណាយពេលវេលា ឈប់សម្រាកចូលរួម ក្នុងការងារគណបក្ស ខិតខំពង្រឹងផ្ទៃក្នុងគណបក្ស ក្តាប់សភាពការណ៍ និងទប់ស្កាត់រាល់សកម្មភាពអមិត្ត ការឃោសនាបំផ្លើស ពីជនអគតិមួយចំនួន។

សមាជិកបក្សរបស់គណៈកម្មាធិការគណបក្ស មន្ទីរសុខាភិបាលខេត្តស្វាយរៀង តែងតែរំលឹកអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងនាំមកនូវសន្តិភាពការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន យ៉ាងឆាប់រហ័សជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ផងដែរ។

លោកក៏បានដាក់ទិសដៅដល់សមាជិក សមាជិកា គណបក្សរបស់មន្ទីរសុខាភិបាលខេត្ត អនុវត្តនៅឆ្នាំ២០២១ ត្រូវត្រៀមលក្ខណៈសម្រាប់ការងារ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងចុះចិញ្ចឹមចលនាជាប្រចាំនូវមូលដ្ឋាន ព្រមទាំងខិតខំអូសទាញពលរដ្ឋបន្ដ មកគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមក្នុងពិធីសំណេះសំណាល ជាមួយសមាជិកបក្សថ្មី។

ជាមួយគ្នានេះ ត្រូវចុះសួរសុខទុក្ខ ចាស់ជរាគ្រួសារក្រីក្រខ្លាំង ចុះព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ និងជួយជួសជុលផ្ទះប្រជាពលរដ្ឋ ដែលធ្លុះធ្លាយខ្លាំង ហើយជួយឧបត្ថម្ភថវិកាប្រចាំខែ ដល់ប្រជាការពារដើម្បីពង្រឹងភូមិ ឃុំមានសុវត្ថិភាព ត្រូវចូលរួមឧបត្ថម្ភថវិកាសន្សំប្រចាំខែ ដល់ការងារបោះឆ្នោត ដល់គណៈកម្មការគណបក្សសង្កាត់ស្វាយរៀង។

លោកបណ្ឌិតបានបន្តថា ត្រូវបង្កើនសមត្ថភាពបច្ចេកទេសដល់មន្ត្រីសុខាភិបាល ដើម្បីផ្ដល់សេវាប្រកបដោយគុណភាព នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព អប់រំផ្សព្វផ្សាយក្រមសីលធម៌វិជ្ជាជីវៈ គ្រប់បុគ្គលិក និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ជ្រាបអំពីសុខភាព និងទៅប្រើប្រាស់សេវារដ្ឋ លុបបំបាត់ទាំងស្រុងសេវាសុខាភិបាលខុសច្បាប់ បន្តចុះអប់រំផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោក កែរ រដ្ឋា បានជំរុញដល់សមាជិក សមាជិកាគណបក្សទាំងអស់ត្រូវអប់រំ ផ្សព្វផ្សាយអំពីវិធានការការពាររបស់ក្រសួងសខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយណែនាំដល់ប្រជាពលរដ្ឋ ឲ្យចេះការពារខ្លួន ផ្តើមចេញពីការធ្វើអនាម័យជាប្រចាំលាងដៃ ជាមួយសាប៊ូ អាកុល ជែល និងពាក់ម៉ាសនៅទីប្រជុំជន នៅគម្លាតគ្នាដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា លោក កែរ រដ្ឋា ក៏បានប្រគល់សេចក្តីសម្រេចកែសម្រួលក្រុមការងារចុះជួយសង្កាត់ស្វាយរៀងថ្មី ជូនដល់លោកអនុប្រធាន និងលោក លោកស្រី ជាសមាជិកក្រុមការងារចុះជួយសង្កាត់ស្វាយរៀង ផងដែរ៕