(ភ្នំពេញ)៖ ជាជោគជ័យថ្មីមួយទៀតដែល លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានគណៈកម្មាធិការប្រតិបត្តិ របស់ក្រុមប្រឹក្សាបោះឆ្នោត ជ្រើសតាំងជាប្រធានថ្មីនៃ​ក្រុមប្រឹក្សា​យុវជនអាស៊ី កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

នេះបើតាមការគូសបញ្ជាក់របស់ លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានថ្លែងក្នុងឱកាសបើកវេទិកាយុវជនអាស៊ី នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

នៅមុនភាពជោគជ័យនៃការទទួលបានតំណែងប្រធានអង្គការយុវជនកម្រិតតំបន់នេះ លោក ហ៊ុន ម៉ានី ក្នុងនាមប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ទើបទទួលបានពានរង្វាន់អន្តរជាតិមួយ គឺពានរង្វាន់សន្តិភាព GUSI ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចំពោះការខិតខំប្រឹងប្រែងរបស់ លោក ហ៊ុន ម៉ានី ក្នុងការងារពាក់ព័ន្ធការថែរក្សាសន្តិភាពសកល ភាពជាអ្នកដឹកនាំយុវជនសកល ការងារមនុស្សធម៌ និងការងារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាយុវជនអាស៊ី (AYC) គឺជាអង្គការយុវជនតំបន់ក្រៅរដ្ឋាភិបាល ដែល​ត្រូវ​​​បាន​បង្កើត​ឡើងកាលពីថៃ្ងទី១៤ ខែសីហា ឆ្នាំ១៩៧២ ក្នុងគោលបំណងផ្តល់វេទិការួម​មួយ​ដល់​ថ្នាក់​ដឹក​នាំ​យុវជន និងយុវជន​អាស៊ី ដែលមានគោលបំណងដូចគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម។ សមាជិក​ភាពរបស់ក្រុមប្រឹក្សាយុវជនអាស៊ី​​ រួម​មានអង្គការយុវជនជាតិ ដែលទទួលស្គាល់​ដោយ​រដ្ឋាភិ​បាល​របស់​ខ្លួន។
ក្រុមប្រឹក្សាយុវជនអាស៊ី តែងតែរៀបចំ​នូវ​សន្និ​បាតប្រចាំឆ្នាំរបស់ខ្លួនជារៀងរាល់ឆ្នាំ​ ហើយ​នៅ​ឆ្នាំ ​២០១៦នេះ សន្និបាតប្រចាំឆ្នាំរបស់ ក្រុមប្រឹក្សាយុវជនអាស៊ី ត្រូវ​បាន​រៀបចំឡើងនៅ​ព្រះរាជាណាចក្រ​កម្ពុជា៕