(ពោធិ៍សាត់​)៖​ យ៉ាងហោចណាស់ មានមនុស្សម្នាក់បានស្លាប់ និង៣នាក់បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា នៅទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦នេះ។

ករណីទី១: នៅយប់​ថ្ងៃទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​ នៅលើកំណាត់ផ្លូវជាតិលេខ​៥​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ១៤១-១៤២​ ស្ថិតក្នុងភូមិខ្សាច់ល្អិត​ ឃុំអន្សារចំបក់​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ មានគ្រោះថ្នាក់ចរាចរណ៍មួយ​ បណ្តាលឲ្យស្លាប់ម្នាក់​ និង​ របួសស្រាល​ ២នាក់​ ​។

លោក​ ឯម​ រុន​ អធិការនគរបាលស្រុកក្រគរ​ បានប្រាប់​ភ្នាក់​ងារ​ Fresh News ឲ្យដឹងព្រឹកនេះថា​ រថយន្ត​ដឹកត្រី​ ម៉ាក Nissan ពាក់ស្លាកលេខ ភ្នំពេញ​​ 2F-5203​ ពណ៌ទឹកប្រាក់​ បើកបរដោយឈ្មោះ​ ធា​​ អាយុ​៤៣ឆ្នាំ​ រស់នៅភូមិរលាប​ ឃុំរលាប​ ក្រុងពោធិ៍សាត់ ធ្វើដំណើរពីលិចទៅកើត​ បានរ៉េចង្កូតទៅបុកជាមួយ​ រថយន្តកុងទីន័រ​ ម៉ាក​ ISUZU ពាក់ស្លាកលេខ​ ព្រះសីហនុ​ 3A-2085 ពណ៌ស​ បើកបរដោយឈ្មោះ មឿន​ អាយុ​៣៨ឆ្នាំ​ រស់នៅភូមិអណ្តូងសំរិទ្ធ​ ឃុំធ្លាប្រជុំ​ ស្រុកកោះអណ្តែត​ ខេត្តតាកែវ ធ្វើដំណើរពីកើតទៅលិច​ ​ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា​ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅហ្នឹងកន្លែងកើតហេតុ​ និង​ ២នាក់ផ្សេងទៀតរបួសស្រាល​ ។

លោកអធិការ​ បានឲ្យដឹងទៀតថា​  បុរសដែលស្លាប់​ និង​របួសធ្ងន់ស្រាល​ មានឈ្មោះ​ ធា​ ភេទប្រុស​ អាយុ​៤៣ឆ្នាំ​ រស់នៅភូមិរលាប​ ឃុំរលាប​ ក្រុងពោធិ៍សាត់​ ជាអ្នកបើកបរ​ រថយន្ត​ដឹកត្រី​ ម៉ាក Nissan​ (ស្លាប់),​ ឈ្មោះ​ យ៉ាន់​ ភេទប្រុស​ អាយុ​៤៥ឆ្នាំ​ ភេទប្រុស​ រស់នៅភូមិរលាប​ ឃុំរលាប​ ក្រុងពោធិ៍សាត់​ ជាព្រូ​រថយន្ត​ដឹកត្រី​ ម៉ាក Nissan​ (របួសស្រាល),​ ឈ្មោះ​ ណាក់ ភេទប្រុស​ អាយុ​ ២៥ឆ្នាំ​ ភេទប្រុស​ រស់នៅភូមិរលាប​ ឃុំរលាប​ ក្រុងពោធិ៍សាត់​ ជាព្រូ​រថយន្ត​ដឹកត្រី​ ម៉ាក Nissan​ (របួសស្រាល)​ ។​ ដោយឡែក អ្នកបើកបរ​ រថយន្តកុងទីន័រ​ ម៉ាក ​ISUZU គ្មានគ្រោះថ្នាក់អ្វីទេ​ ។

ករណីទី២: ​ នៅវេលាម៉ោងប្រមាណ​ ៥ទៀបភ្លឺ​ ថ្ងៃទី​ ២៦​ ខែ​ កុម្ភៈ​​ ឆ្នាំ​ ២០១៦​ ក៏មានគ្រោះថ្នាក់ចរចរណ៍មួយកើតឡើងនៅលើកំណាត់ ផ្លូវជាតិលេខ​ ៥ដដែរ​ ចំណុចភូមិតាកែវលើ​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ រវាងរថយន្ត​ Fuso បុកគូទ​ គោយន្ដ​កន្ត្រៃ​យ៍ដឹកឈើ​ ក្នុងទិសដៅស្របទិសគ្នា​ ពីកើតទៅលិច​ បណ្តាលឲ្យ​អ្នកបើកបរ​ គោយន្ដ​កន្ត្រៃយ៍​ ឈ្មោះ​  សេន​ សារិទ្ធ​ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ​ រស់នៅភូមិត្បែងជ្រុំ​ ឃុំត្នោតជុំ​ ស្រុកក្រគរ​  ខេត្តពោធិ៍សាត់​ របួសធ្ងន់​ បញ្ជូនទៅព្យាបាលបន្ទាន់​ នៅមន្ទីរពេទ្យ​បង្អែកសំពៅមាស,​ អ្នកបើកបររថយន្ត​ រត់គេចខ្លួនបាត់​ ដោយសុវត្ថិភាព​ បន្សល់ទុកវិញ្ញាបនបត្របញ្ជាក់ការសិក្សា​ ឈ្មោះ​ ផា​ ភួង​ ភេទប្រុស​ អាយុ​  ២៤ឆ្នាំ​ ទីកន្លែងកំណើតខេត្តព្រៃវែង​ បច្ចុប្បន្ន​រស់នៅរាជធានីភ្នំពេញ​៕