(​វ៉ាស៊ីនតោន​)៖ ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ ISIS គឺជា​ដំណើរការ​មួយ ដែល​នឹង​ប្រព្រឹត្ត​ទៅ​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​យើង​អាច​បញ្ចប់​វិបត្តិ​សង្គ្រាម នៅក្នុង​ប្រទេស​ស៊ី​រី​បាន​ជា​មុន​នោះ​។ នេះ​បើ​តាម​ការផ្សាយ របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​ដកស្រង់​សម្តី​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា​។​

​នៅក្នុង​ក្រសួង​ការបរទេស​អាមេរិក លោក អូ​បា​ម៉ា បាន​បើក​កិច្ច​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​សំខាន់ៗ​របស់​ក្រុមប្រឹក្សា​ការពារជាតិ ដោយ​លោក​បាន​អះអាង​ទៀតថា ការដឹកនាំ​កងកម្លាំង​សម្ព័ន្ធមិត្ត បំពេញ​ប្រតិបត្តិការ​នៅ​ប្រទេស​អ៊ីរ៉ាក់ កន្លងមកនេះ អាច​ឲ្យ​យើង​វាយ​បណ្តេញ​កងកម្លាំង ISIS បាន ៤០​ភាគរយ ចេញ​ពី​ទឹកដី​អ៊ីរ៉ាក់​។​

​យ៉ាងណា​ក៏​ដោយ​លោក អូ​បា​ម៉ា ក៏​បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា «​ផ្លូវ​ទៅ​មុខ​វា​មិន​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​កងកម្លាំង​យើង​ទាំងអស់ នឹង​រួមគ្នា​កាន់តែ​រឹងមាំ ដើម្បី​កម្ចាត់​ក្រុម​ភេរ​វករ​ទាំងនោះ​ឲ្យអស់​។ ការបញ្ចប់​វិបត្តិ​នៅ​ស៊ី​រី គឺជា​គន្លឹះ​សំខាន់​បំផុត​ក្នុងការ ទទួលបាន​ជោគជ័យ​លើ​ពួក ISIS»៕​