(កណ្ដាល)៖ ជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌកំបូល នាំខ្លួនទៅធ្វើចត្តាឡីស័ក ក្រោយជនទាំង៤នាក់នេះ ឆ្លងដែនចូលកម្ពុជាតាមរយៈមេខ្យល់ដោយបង់ប្រាក់ចំនួន២០០ដុល្លារ ហើយឆ្លងចូលបានដល់ ខណ្ឌកំបូល ក៏ត្រូវបានសមត្ថកិច្ចដឹងទាន់ពេល រួចនាំខ្លួនមកធ្វើចត្តាឡីស័កនៅចាក់អង្រែ ខណ្ឌមានជ័យ។

ការរកឃើញ និងនាំខ្លួនជនជាតិវៀតណាមទាំង ៤នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយធ្វើការអន្តរាគមន៍ពីកម្លាំងអាវុធហត្ថកំបូលសហការ ជាមួយគណៈបញ្ជាការឯកភាពខណ្ឌកំបូល, ពេទ្យមណ្ឌលសុខភាព
សង្កាត់បឹងធំ ចុះពិនិត្យ និងសាកសួរព័ត៌មានជនជាតិវៀតណាមទាំង៤នាក់ (ស្រី០១នាក់) ដែលទើបត្រឡប់ចូលមកកម្ពុជាពីប្រទេសវៀតណាម។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនជាតិវៀតណាមទាំង៤នាក់នេះ មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ង្វៀង ធីយុង ភេទស្រី អាយុ៤១ឆ្នាំ
*ទី២៖ ឈ្មោះ ង្វៀង ភឿង ភេទប្រុស អាយុ៤២ឆ្នាំ
*ទី៣៖ ឈ្មោះ ដូ ហ៊ូតយ ភេទប្រុស អាយុ៤៤ឆ្នាំ
*ទី៤៖ ឈ្មោះ ង្វៀង វ៉ាន់ហូវ ភេទប្រុស អាយុ២៧ឆ្នាំ។ ជនជាតិវៀតណាមទាំងនេះមាន ស្រុកកំណើតភូមិតឹងភូ ឃុំតាំងប៊ិញ ស្រុកធិញប៉ិញ ខេត្តដុងថាប់។

ជនជាតិវៀតណាមទាំង ៤នាក់នេះ បានចាកចេញពីកម្ពុជាទៅវៀតណាមកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ហើយពេលទៅដល់វៀតណាមបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លុះពេលត្រឡប់មកកម្ពុជា មកដល់សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង ៦ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយលួចឆ្លងតាមច្រករបៀង (ជ្រៃធំ) ស្រុកកោះធំ ខេត្តកណ្តាល តាមរយៈអ្នករត់ការពីវៀតណាម និងកម្ពុជា តាមឡានតូចតម្លៃ ២០០ដុល្លារ ដោយមិនបានធ្វើចត្តាឡីស័កនោះទេ។

បច្ចុប្បន្នអ្នកទាំង៤នាក់នេះ ត្រូវបានឡានពេទ្យដឹក បញ្ជូនទៅមន្ទីរពេទ្យចាក់អង្រែ ដើម្បីធ្វើចត្តាឡីស័ក។

គួរជម្រាបជូនថា អភិបាលខេត្តកណ្ដាល លោកគង់ សោភ័ណ្ឌ និងអគ្គស្នងការរងនគរបាលជាតិ លោកលោកឧត្តមសេនីយ៍ឯក តេង សួន នាពេលកន្លងទៅថ្មីៗនេះ បានចេញបទបញ្ជាកងកម្លាំងនគរបាល នៃទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ត្រូវយកចិត្តទុកដាក់ខ្ពស់ សហការជាមួយកម្លាំងយោធា ដាក់គោលដៅប្រចាំការ និងចេញល្បាតជាប្រចាំ ធ្វើយ៉ាងណាទប់ស្កាត់កុំអោយមានប្រជាពលរដ្ឋលួចឆ្លងដែន ក្នុងករណីពលរដ្ឋណាចង់ឆ្លងដែនជាចាំបាច់ ដាច់ខាតត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យខានតែបាន ដើម្បីទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ១៩ ពីប្រទេសជិតខាង។ ប៉ុន្តែដោយសារការធ្វេសប្រហែស មិនយកចិត្តទុកដាក់ ទើបជនជាតិវៀតណាមអាចឆ្លងដែនខុសច្បាប់បានមួយសេរីយ៉ាងដូច្នេះ៕