(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូនលោកឧកញ៉ា លី យូគៀក ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងក្រុមគ្រួសារ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះបរមរាជវាំង។

ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នេះ លោកឧកញ៉ាបានថ្វាយដង្វាយជាអង្ករ ចំនួន ៥០តោន និងថវិកា ចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជាកិច្ចថ្វាយនូវការដង្ហែ តាមព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនៃព្រះអង្គ ក្នុងការជួយសម្រាលទុក្ខលំបាក ដល់បងប្អូនកូនចៅប្រជានុរាស្រ្តទូទាំង ព្រះរាជាណាចក្រកម្ពុជា៕