(សៀមរាប)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រាសាទបុរាណកណ្តាលស្រះស្រង់ និងរហាត់ទឹកបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

តាមរយៈ ឯកសារប្រវត្តិជាច្រើនបានសរសេរជា ស្រះស្រង់បានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទ ជេន្ទ្រវរ្ម័នទី២ នាពាក់កណ្តាលសតវត្សរ៍ទី១០ (គ.ស ៩៤៤ ដល់ ៩៦៨) ដែលក្នុងឆ្នាំ៩៥២ មានមន្ត្រីជាន់ខ្ពស់ ខាងពុទ្ធសាសនាឈ្មោះ KavindrariTatsara ដោយមានគំនិតស្តាបត្យកម្មខ្មែរ បានផ្តួចផ្តើមជីកស្រះនេះឡើង ហើយបន្ទាប់មកត្រូវបានកែលម្អដោយព្រះបាទជ័យវរ្ម័នទី៧នៅសតវត្សរ៍ទី ១២ ដើម្បីឧទ្ទិសដល់ពុទ្ធសាសនា គ.ស.១១៨១ ដល់ ១២១៨។

ដោយឡែក រហាត់ទឹកដ៏ធំដែលមាន បណ្តោយ ១៨ម៉ែត្រ កំពស់ ១២ម៉ែត្រ អង្កត់ផ្ចិត១១.៦ម៉ែត្រ ត្រូវបានអនុវត្តការជួសជុលដោយក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ដោយបានរក្សានូវរចនាបថបុរាណទាំងស្រុង និងរួមបញ្ចូលនូវស្ថាបត្យកម្មទំនើប ដើម្បីធានាបាននូវភាពលក្ខណៈដើម និងភាពរឹងមាំធានាបានការប្រើប្រាស់យូរ អង្វែងសម្រាប់ជាប្រយោជន៍សាធារណៈ។

ទីតាំងរហាត់ទឹកដ៏ធំ នេះមានប្រវត្តិតាំងពីទសវត្សទី៦០ ត្រូវបានកសាងឡើងតាំងពីសម័យសង្គមរាស្រ្តនិយមមក ហើយអមដោយផ្ទះលម្លែកាយមួយនៅក្បែរនោះ។ ប៉ុន្តែ ដោយសារសង្គ្រាមនាសម័យខ្មែរក្រហម រហាត់ទឹកនេះ ត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងទាំងស្រុងទៅហើយ។ នៅចុងទស្សវត្សទី៨០ ដ្ឋបាលព្រៃឈើខេត្តសៀមរាប បានធ្វើការសាងសង់រហាត់ទឹក នេះឡើងវិញ ប៉ុន្តែមិនមានផ្ទះលម្ដែកាយដូចមុនទេ ដើម្បីទាញទឹកពីស្ទឹងសៀមរាប មកស្រោចស្រពកូនឈើនៅក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវ។

ចំណែកឯថវិកាសម្រាប់ចំណាយក្នុងការជួសជុលនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ លោកស្រីឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ តាមរយៈព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសា ដោយបានទទួលការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សារា ដែលចំណាយថវិកាអស់ប្រមាណជាង ៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដោយបូករួមទាំងការជួសជុលខ្លោងទ្វាតាកាវផងដែរ។

ក្នុងឱកាសនោះ សម្រាប់ប្រជាពលរដ្ឋជាង ៧០០គ្រួសារ ដែលបានចូលរួមទាំង ៣កម្មវិធី រួមមាន៖ ប្រជាពលរដ្ឋក្រីក្រ ក្រុមជាង និងកងកម្លាំងទាំងបីប្រភេទ បានទទួលថវិកា និងអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕