(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ និងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសជំរុញការអនុវត្តឱ្យបានម៉ឺងមាត់បំផុតនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សាលារាជធានីភ្នំពេញ បានណែនាំទៀតថា វិធានការ «៣ ការពារ និង ៣ កុំ»រួមមាន៖

*៣ ការពារ៖

*ទី១៖ ពាក់ម៉ាស
*ទី២៖ លាងដៃ
*ទី៣៖ រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកន្លឡើងទៅ ឱ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់)។

*៣ កុំ ៖

*ទី១៖ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញ-ចូលគ្រប់គ្រាន់
*ទី២៖ កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ
*ទី៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម។

ទន្ទឹមនឹងនេះ ក្នុងរយៈពេលអនុវត្តកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន បានអនុវត្តតាមវិធានការខាងលើបានល្អប្រសើរ
ប៉ុន្តែ មួយចំនួនទៀតនៅមិនទាន់បានអនុវត្តតាមវិធានការខាងលើបានល្អនៅឡើយ ដូចជា ក្នុងពេលកម្មវិធីជួបជុំផ្សេងៗ មិនរក្សាតម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានត្រឹមត្រូវ, មានការប៉ះពាល់គ្នា,
ចាប់ដៃគ្នា, កៀកស្មាគ្នា, ឱបរឹតគ្នា, ភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវី៨-១៩។

ដើម្បីឈានទៅគ្រប់គ្រងបាន «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តឱ្យម៉ឺងម៉ាត់ បំផុតនូវ វិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។

ក្នុងករណីនៅតែមិនព្រមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

រដ្ឋបាលរាជធានីភ្នំពេញ ចាត់ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចុះទៅត្រួតពិនិត្យទីតាំង
ប្រារព្ធកម្មវិធីជួបជុំទាំងអស់ ដើម្បីឱ្យម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន អនុវត្តឱ្យខាងតែបាននូវរាល់វិធានការការពារទាំងអស់ខាងលើ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕