(កំពង់ចាម)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានរៀបចំពិធីប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២០ និងលើកទិសដៅ ផែនការសកម្មភាពការងារកងរាជអាវុហត្ថ ឆ្នាំ២០២១ និងបានធ្វើការផ្សព្វផ្សាយសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធករណីជំងឺកូវីដ១៩ ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ក្នុងនោះក៏មានការផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការរក្សាការសម្ងាត់ កិច្ចការយោធា របស់ក្រសួងការពារជាតិ និងផ្សព្វផ្សាយសេចក្ដីណែនាំរបស់ អគ្គបញ្ជាការដ្ឋាន និងការណែនាំរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថជាច្រើនរូបទៀត។

បន្ទាប់ពីផ្សព្វផ្សាយ និងណែនាំការងារជំនាញរួចនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាតដល់មន្ដ្រីអាវុធហត្ថទាំងអស់ក្នុងខេត្ត ត្រូវបន្ដផ្សព្វផ្សាយសារ និងសេចក្ដីណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី បានក្រើនរំលឹកដល់មន្ដ្រីអាវុធហត្ថ ត្រូវអនុវត្តវិធានការដែលបានដាក់ចេញដោយសារសម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕