(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា យុវជនមានតួនាទីយ៉ាងសំខាន់ សម្រាប់ថែរក្សានូវសន្តិភាព និងអភិវឌ្ឍសង្គមជាតិ ប៉ុន្តែមានយុវជនមួយចំនួន នៅតែបណ្តោយខ្លួនឲ្យក្លាយជា ឧបករណ៍នយោបាយ ប្រកាន់និន្នាការជ្រុលនិយម ធ្វើឲ្យបាត់បង់ឱកាស ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

ក្នុងពិធីបើកវេទិកាយុវជនអាស៊ី ២០១៦ ក្រោមប្រធានបទ «សន្តិភាព ប្រជាធិបតេយ្យ និង ភាពជាដៃគូក្នុងតំបន់ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព» នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់គ្មានសន្តិភាពទេនោះ យុវជនទាំងអស់ មិនអាចមកជួបជុំគ្នា បើកវេទិការយុវជនអាស៊ីឆ្នាំ២០១៦នេះ បានឡើយ។ សម្តេចបានបន្តថា យុវជន គឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើត និងជំរុញដំណើរការ នៃបេសកកម្មថែរក្សាសន្តិភាព និងបន្តគ្រប់គ្រងសន្តិភាពនេះបន្តទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការចូលរួមថែរក្សាសន្តិភាពនេះ គឺជាជម្រើស និងទង្វើមួយដ៏ត្រឹមត្រូវ ជាពិសេសឆ្លើយតបទៅនឹងតម្រូវការ នៃសង្គមសព្វថ្ងៃនេះ ព្រមទាំងជាសិទ្ធិ និងកាតព្វកិច្ចរបស់យុវជនគ្រប់ៗរូប ក្នុងសង្គមប្រកាន់ខ្ជាប់ នូវលទ្ធិប្រជាធិបតេយ្យ ហើយការចូលរួមរបស់យុវជនកាន់ តែមានលក្ខណៈទូលំទូលាយ ស្របជាមួយការរីកចម្រើន នៃបច្ចេកវិទ្យា និងលទ្ធភាពទទួលការអប់រំ បានធ្វើយុវជនក្លាយជាធនធាន មានចំណេះវិជ្ជា និងមានគំនិតច្នៃប្រឌិតថ្មីៗ ប្រកបដោយគុណប្រយោជន៍ជាច្រើន សម្រាប់សង្គមជាតិ។

សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា បើទោះបីមានយុវជនមួយជាច្រើន កំពុងចូលរួមចំណែកសម្រាប់ការអភិវឌ្ឍ សង្គមកម្ពុជាយ៉ាងណាក្តី ក៏មានយុវជនមួយចំនួន ហាក់នៅរុញរា ហើយបណ្តោយខ្លួនឲ្យក្លាយ ជាឧបករណ៍នយោបាយ បាត់បង់ឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចថ្លែងថា «ទន្ទឹមនឹងនេះ មានយុវជនមួយចំនួនហាក់ មានការរុញរាទៅក្នុងការចូលរួមវិស័យនយោបាយ។ យុវជនខ្លះ បានបណ្តោយខ្លួនឲ្យក្លាយ ជាឧបករណ៍នយោបាយ ប្រកាន់នូវនិន្នាការជ្រុលនិយម ដែលការមិនអើពើ និងភាពជ្រុលនិយមទាំងនោះ ធ្វើឲ្យបាត់បង់ឱកាសក្នុងការប្រើប្រាស់ នូវសក្តានុពល ទេពកោសល្យ សមត្ថភាព និងគំនិតល្អៗ ដើម្បីជាគុណប្រយោជន៍ស្តារ និងអភិវឌ្ឍប្រទេសជាតិ»៕