(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ បានឆក់ទូរស័ព្ទដៃស្ត្រី២នាក់ ដែលធ្វើដំណើររួមគ្នាបានសម្រេចរួចព្យាយាមជិះរត់គេចខ្លួន តែពេលធ្វើសកម្មភាពនោះ ស្ត្រីជនរងគ្រោះក៏បានស្រែកឱ្យឆោឡោ បណ្តាលឲ្យអ្នកភូមិ និងសមត្ថកិច្ចនាំគ្នាដេញឡោមព័ទ្ធចាប់ជនសង្ស័យបានតែម្ដង។

ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាន្ត ប៊ុនសៀង អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងនៅម្តុំផ្លូវ២០០៤ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិត្រពាំងកក់ ឃុំធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្រាប់ធ្វើសកម្មភាពទាំងនេះ ក្រុមចោរក៏មានបក្ខពួករបស់គេ បិទគូទដោយបើកម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1DG-1099។

ស្ត្រីជនរងគ្រោះឈ្មោះ ផេង សុភឿ អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកើតហេតុ និងជនរងគ្រោះម្នាក់ទៀតមានឈ្មោះ វ៉ាហ័រ ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះរស់នៅភូមិជាមួយគ្នា។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ, សមត្ថកិច្ចបានដកហូតវត្ថុតាងទូរស័ព្ទដៃចំនួន៣គ្រឿង, ម៉ូតូមួយគ្រឿង និងសំភារៈមួយចំនួនទៀតផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕