(ភ្នំពេញ)៖ សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា បានរៀបចំបោះឆ្នោតជ្រើសរើសក្រុមសមាជិកប្រឹក្សាភិបាលអាណត្តិថ្មី ២០២១-២០២៣ តាមប្រព័ន្ធ តេឡេក្រាម របស់សមាគម។ ជាលទ្ធផល នៃការបោះឆ្នោតដែលបានធ្វើឡើងនាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៦រូប ត្រូវបានជ្រើសរើសសម្រាប់ដឹកនាំសមាគមអាណត្តិថ្មី ២០២១-២០២៣។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាភិបាលអាណត្តិថ្មី ដែលបានជ្រើសរើស រួមមាន៖

១៖ ប្រធានសមាគម គឺលោក ជិន ម៉ាលីន
២៖ អនុប្រធានសមាគម គឺលោក ពៅ ប៉ូលីណែល លោកស្រី ឡាយ អូនរី និងលោក ព្រួ ស៉ីថន
៣៖ អគ្គលេខាធិការ គឺលោក មែន ភារម្យ
៤៖ លេខាធិការ គឺលោក មឿង វណ្ណា ទទួលបន្ទុកផ្នែកផែនការនិងប្រតិបត្តិ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលថ្មីនឹងធ្វើការជ្រើសរើសសមាជិកបំពេញបន្ថែមសមាសភាពដែលនៅទំនេរ តាមរយៈអង្គប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ របស់ខ្លួន។

សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០១២ ដោយអតីតកម្មសិក្សាការី ដែលបានទទួលការបណ្តុះណ្តាលនៅប្រទេសជប៉ុន តាមរយៈកម្មវិធីបណ្តុះបណ្តាលរបស់ JICA រយៈពេលខ្លី និងវែង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងអតីតកម្មសិក្សាការី JICA និងកៀរគរធនធានចូលរួមអភិវឌ្ឍសង្គមតាមរយៈសកម្មភាពនាៗ។ សមាគមមានសមាជិក សមាជិកាជាង ១៥០០នាក់ ដែលកំពុងបម្រើការងារនៅគ្រប់វិស័យនិងស្ថានប័ណទាំងរដ្ឋនិងឯកជន៕