(សៀមរាប)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា អំពើជួញដូរមនុស្ស បាននិងកំពុងកើតឡើងគ្រប់ទីកន្លែង ក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះ បានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។

ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាស ដែលលោក ញ៉ឹក វណ្ណារ៉ា អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួល សម្ភារបច្ចេកវិទ្យាសម្រាប់បន្ទប់ប្រជុំប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងវគ្គបណ្តុះបណ្តាលអនឡាញទ្វេរភាគីរវាងកម្ពុជា-ថៃ ស្តីពី ការគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅក្នុងខេត្តសៀមរាប។

លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំចងក្រងផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានា សំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយ ឲ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។

ដោយឡែក ក្រសួងសង្គមកិច្ច ដែលបានទទួលអណត្តិពីរាជរដ្ឋាភិបាលក្នុងការការពារ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។

លោកថា ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើន យ៉ាងណាក៏ដោយ ក៏កិច្ចការពារ និងការផ្តល់សេវាជួយដល់ជនរងគ្រោះឆ្លងកាត់ព្រំដែន នៅមិនទាន់ឆ្លើយតប បានទាំងស្រុងនៅឡើយ និងនៅតែជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា អាស្រ័យដោយការសម្របសម្រួល និងការសហការរវាងកម្ពុជា ជាមួយប្រទេសគោលដៅ ក្នុងការជួយជនរងគ្រោះ ហើយការដោះស្រាយមិនទាន់គ្រប់ជ្រុងជ្រោយ និងមិនទាន់មានភាពរលូន ប្រទាក់ក្រឡាគ្នា ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹង ស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។

បន្ថែមពីនោះទៀត លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា ក្រសួងសង្គមកិច្ច ដែលជាសេនាធិការបស់រាជរដ្ឋភិបាល និងប្រទេសថៃ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍នានា នៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នា កសាងសម្រាប់ភាគីទាំងពីរ យកទៅអនុវត្ត។ នីតិវិធីប្រតិបត្តិបទដ្ឋាននេះ ប្រកាន់ខ្ជាប់តាមក្របខណ្ឌការងារអន្តរជាតិ នៃអង្គការសហប្រជាជាតិ និងក្របខណ្ឌការងារថ្នាក់តំបន់ ដែលប្រទេសទាំងពីរបានទទួលស្គាល់ និងផ្តល់ការគាំទ្រ។

ជាពិសេសទៅទៀត នីតិប្រតិបត្តិបទដ្ឋាននេះ មានគោលបំណងសំខាន់ ដើម្បីអនុវត្តគោលការណ៍រួម ស្តីពីការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងពង្រឹងបទដ្ឋានប្រតិបត្តិអនុលោមទៅតាម ការអនុវត្តជាលក្ខណៈអន្តរជាតិ កំណត់អំពីតួនាទីការទទួលខុសត្រូវ នៃអាជ្ញាធរពាក់ព័ន្ធ នៃរដ្ឋភាគីទាំងពីរ នៅក្នុងដំណើរការមាតុភូមិនិវត្តន៍ និងសមាហរណកម្ម សម្រាប់ប្រើបា្រស់ជាឯកសារយោង ដែលពាក់ព័ន្ធការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម និងជំនួយផ្នែកច្បាប់ ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

វគ្គបណ្ណុះបណ្ណាលនេះ មានការចូលរួមពីសមាសភាពសំខាន់ៗប្រមាណ៣០រូបប៉ុណ្ណោះ ព្រមទាំងប្រគល់សម្ភារបរិក្ខារបច្ចេកវិទ្យាជូនដល់អង្គភាពពាក់ព័ន្ធក្នុងឱកាសនោះដែរ។ លោក ញ៉ឹក វណ្ណារ៉ា ក៏បានសង្កត់ធ្ងន់ អំពីការការពារជម្ងឺកូវីដ១៩ ដោយគោរពតាមវិធានការ ការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវ ដែលកំពុងវាយលុកនៅក្នុងសហគមន៍នៅពេលនេះ៕