(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ដែលជាអំណោយរបស់ចិន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្សី)។

នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការណ៍ដែលថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ ដោយទទួលការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកបន្តថា «នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានរៀបចំដល់កងកម្លាំងនគរបាលជាតិ ដែលជាថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ មកចាក់វ៉ាក់សាំងស៉ីណូហ្វាមរបស់សាធារណរដ្ឋប្រជាមានិតចិន។ ចំនួនដែលបានមកបន្តបន្ទាប់នេះ ក្នុងរង្វង់ជាង ១០០នាក់ មែនទែនទៅកងកម្លាំងនគរបាលជាតិទាំងអស់ នឹងត្រៀមទទួលបានការចាក់វ៉ាក់សាំងនេះ»

បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ, ក្នុងនាមលោកផ្ទាល់ ក៏ដូចជាក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងកងកម្លាំងនគរបាលជាតិទាំងអស់ សូមសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងរំភើប ដោយសារឃើញការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលតែងតែគិតគូរអំពីបញ្ហាសុខទុក្ខ និងកិច្ចការពារសុវត្ថិភាពសន្តិសុខ ជូនប្រជាជនកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់មិត្តចិន ជំហានដំបូងចំនួន ៦០ម៉ឺនដូស ក្នុងចំណោម១លានដូស ដែលផ្តល់ជូនតាមសំណើក្រសួងការពារជាតិ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ចំណែក៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរលិខិតទៅកាន់ លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង ដើម្បីស្នើសុំជំនួយវ៉ាក់សាំងបន្ថែមទៀត ក្នុងនាមរាជរដ្ឋាភិបាលផងដែរ។

បន្ទាប់ពីមកដល់កម្ពុជា វ៉ាក់សាំងកូវីដ-១៩ ស៉ីណូហ្វាម ត្រូវបានចាក់ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និងកងទ័ព នៅទីតាំងមួយចំនួនរួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកេតុមាលា (សម្រាប់កងទ័ព)៕