(បាត់ដំបង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង បានពិនិត្យសកម្មភាពការងាររបស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪ ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការកសាងអគារសិក្សា ដែលជាព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ព្រះរាជសមិទ្ធផលដែលជាព្រះរាជអំណោយរបស់ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានដល់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេច ម៉ែភ្នំសំពៅ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននៅឆ្នាំ១៩៥៧ ក្នុងសម័យសង្គមរាស្ត្រនិយម។

អាស្រ័យដោយព្រះរាជសមិទ្ធផលនេះ មានសភាពចាស់ទ្រុឌទ្រោម មិនអាចអោយសិស្សានុសិស្សដំណើរការរៀនសូត្រតទៅមុខទៀតបាននោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជតម្រិះ ប្រោសព្រះរាជទាន សម្តេចចៅហ្វាវាំង គង់ សំអុល ដឹកនាំចាត់ចែងមន្ត្រីក្រុមសម្តេចឪ ធ្វើការកសាងអគារសិក្សាថ្មីនៅលើទីតាំងអគារសិក្សាចាស់ ដែលបានបន្សល់ទុកតាំងពីក្នុងសម័យសង្គមរាស្រ្តនិយម។

ចំពោះគម្រោងនៃការកសាងអគារសិក្សាថ្មីដែលជាព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះអង្គប្រោសព្រះរាជទាននូវការសាងសង់តាមរយៈក្រុមសម្តេចឪនៅក្នុងពេលនេះ មានអគារធ្វើអំពីបេតុងចំនួន ១ខ្នង ២ជាន់ ស្មើនឹង ២០បន្ទប់ ក្នុងនោះបណ្តោយប្រវែង ៩៤.៥៦ម៉ែត្រ ទទឹង ៩ម៉ែត្រ។ អគារនេះត្រូវបានរៀបចំជាថ្នាក់រៀនចំនួន ១៥បន្ទប់ និង ៥បន្ទប់ទៀត បានរៀបចំជាបណ្ណាល័យ និងមន្ទីរពិសោធន៍។ ក្រៅពីនេះបានសាងសង់នៅព្រះរាជសមិទ្ធផលមានអាងទឹកមួយកន្លែងកម្ពស់ ៨ម៉ែត្រ ចំណុះ ៩,០០០លីត្រ បង្គន់អនាម័យ ១ខ្នង ស្មើនឹង ៦បន្ទប់ទៀតផង។

ក្រុមសម្តេចឪបានចាប់ផ្តើមកសាងព្រះរាជសមិទ្ធផលនេះចាប់តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ សម្រេចលទ្ធផលបានរួចរាល់ជាស្ថាពរ ១០០% ហើយ។

មិនតែប៉ុណ្ណោះ ក្រុមសម្តេចឪ ក៏បានសម្រេចលទ្ធផលយ៉ាងល្អប្រសើរថែមទៀតលើការ បំពាក់គ្រឿងបរិក្ខារ និងការកសាងសមិទ្ធផលមួយចំនួនទៀត ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មាន តុ កៅអី គ្រូ និងសិស្ស ក្តារខៀន ដងទង់ជាតិ ការកសាងរបង ខ្លោងទ្វារ ទីលាន បាល់ទាត់ និងបាល់បោះ បានរួចរាល់ផងដែរ។

ព្រះរាជកិច្ចស្ថាបនាព្រះរាជសមិទ្ធផលជាអគារសិក្សាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គឺជាព្រះរាជកិច្ចដ៏វិសេសវិសាលមួយដែលព្រះអង្គ បានគោរពប្រណិប័តយ៉ាងខ្ជាប់ខ្ជួនឧត្តុង្តឧត្តមបំផុត ដង្ហែតាមព្រះរាជគម្រូវីរភាពដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះវររាជបិតាអប់រំសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទាននៅគ្រប់ទីកន្លែង ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសព្រះអង្គបានប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្រ្ត នៅក្នុងមូលដ្ឋានទាំងឡាយណា ដែលជួបការលំបាកខ្វះខាតអគារសិក្សា ដើម្បីទុកធ្វើជាថ្នាលបណ្តុះចំណេះដឹងដល់កុលបុត្រ កុលធីតាខ្មែរ ដែលជាទំពាំងស្នងឬស្សី សម្រាប់បន្តវេន ធានារ៉ាប់រង ចំពោះជោគវាសនា អនាគតរបស់ប្រទេសជាតិ។

ការប្រោសព្រះរាជទាននូវអគារសិក្សាព្រមទាំងព្រះរាជសមិទ្ធផលព្រះរាជអំណោយ ដ៏ថ្លៃថ្លា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឳសម្តេចម៉ែភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបានធ្វើអោយលោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជារាស្ត្រ ជាកូនចៅ នៅក្នុងមូលដ្ឋាន មានសេចក្តីត្រេកអរ ដោយឥតឧបមា សូមថ្លែងអំណរ ព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះពរ ព្រះអង្គបានសមប្រកបតែនឹង សិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៏ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ នៅជាមហាម្លប់ ដ៏ត្រជាក់សុខសាន្ត ចម្រើនរុងរឿង ដល់ព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិជាកូនចៅ ចៅទួតរបស់ព្រះអង្គជារៀងរហូតតទៅ៕