(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរកម្ពុជា បានមើលឃើញពីភាពវិជ្ជមាននៃការចូលមកដល់របស់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយមិត្តចិន ក្នុងការនាំយកវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ មកចាក់ជូនប្រជាពលរដ្ឋនៅកម្ពុជា។

លោកស្រីឲ្យដឹងថា មួយឆ្នាំកន្លងមកនេះក្រៅអំពីវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឃើញថា មិនមានអ្វីផ្សេងដើម្បីមកកម្ចាត់ជំងឺកូវីដ១៩នេះឡើយ ជាក់ស្ដែងការចូលមកដល់នៃវ៉ាក់សាំងនៅកម្ពុជានេះ ជាការចូលមកយ៉ាងវិជ្ជមាន ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជា ហើយនេះជាកិច្ចខំប្រឹង របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបន្ថែមថា «វ៉ាក់សាំងជាពន្លឺមួយ ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍ ព្រោះថានៅពេលជំងឺកូវីដ១៩នេះ ចូលមកលើសាកលលោក វិស័យប៉ះខ្លាំងជាងគេ គឺវិស័យទេសចរណ៍ ក្នុងនោះផងដែរការដឹកជញ្ជូនត្រូវផ្អាកដំណើរការ។ សម្រាប់វត្តមាននៃវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ នឹងធ្វើឲ្យអ្នករកស៊ីលើវិស័យទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសរំពឹងថា ទេសចរណ៍នឹងត្រូវបានស្ដារឡើងវិញ ក្នុងពេលឆាប់ៗ»

លោកស្រីបន្ដថា ការរង់ចាំរបស់យើងពិតជាមិនអស់សង្ឃឹមនោះទេ។ ទោះបីក្នុងដំណាក់កាលនេះ កម្ពុជាទទួលបានវ៉ាក់សាំងតែ៦០ម៉ឺនដូសក៏ពិតមែន ប៉ុន្ដែមិនយូរទេកម្ពុជានឹងបន្ដ ទទួលវ៉ាក់សាំងបន្ថែមទៀត និងចាក់ការពារបានច្រើនគ្នា កត្តានៃការទទួលវ៉ាក់សាំងនេះ នឹងធ្វើឲ្យប្រទេសមួយចំនួនមានទំនុកចិត្ត មកលើកម្ពុជាថា កម្ពុជាមានវ៉ាក់សាំងការពារ ដូច្នេះការចូលមកកម្ពុជា មិនប្រឈមការឆ្លងជំងឺកូវីដ១៩ ដូច្នេះពួកគេនឹងអាចមើលឃើញពី គោលដៅទេសចរណ៍ នឹងធ្វើដំណើរមកកម្ពុជាវិញ។

ការឲ្យដឹងបែបនេះរបស់លោកស្រី ឆាយ ស៊ីវលីន ធ្វើឡើងក្នុងការផ្ដល់កិច្ចសម្ភាសន៍ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ» របស់ទូរទូស្សន៍ Fresh News ក្រោមប្រធានបទស្ដីពី «អនាគតនៃវិស័យទេសចរណ៍នៅកម្ពុជា ក្រោយការមកដល់នៃវ៉ាក់សាំងកូវីដ១៩»។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា «សម្រាប់អ្នករកស៊ីលើវិស័យទេសចរណ៍ សុទ្ធតែមានសុទិដ្ឋិនិយម ក្នុងការគាំទ្រឲ្យមានការចាក់វ៉ាក់សាំង ក្នុងដំណាក់កាលទី២ ឲ្យបានឆាប់បន្ដិច ដែលធ្វើឲ្យមានការស្ដារឡើងវិញនៃសេដ្ឋកិច្ច ក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្ដែទោះជាយ៉ាងណា យើងមិនអាចកំណត់ចំនួននៃភ្ញៀវទេសចរបានឡើយ ព្រោះថាសម្រាប់ភ្ញៀវទេសចរ ក៏មានការគ្រប់គ្រងចំនួន ក្នុងប្រទេសរបស់ពួកគេថា មនុស្សប៉ុន្មានាក់បានចាក់វ៉ាក់សាំងការពារ និងមនុស្សប៉ុន្មាននាក់ មិនបានចាក់វ៉ាក់សាំងការពារ ក្រោមហេតុផលថា ប្រសិនបើប្រជាពលរដ្ឋកម្ពុជា ចាក់វ៉ាក់សាំងការពារ ប៉ុន្ដែភ្ញៀវទេសចរមិនចាក់ នោះវ៉ាក់សាំងក៏មិនបានផលនោះដែរ»

លោកស្រីបញ្ជាក់ថា ក្រៅអំពីការចាក់វ៉ាក់សាំង ដើម្បីឲ្យវិស័យទេសចរណ៍ កាន់តែលឿនទៅមុខនោះ គឺត្រូវជំរុញលើវិស័យដឹកជញ្ជូនឲ្យឆាប់រហ័ស ព្រោះថាទេសចរណ៍ចង់ដើរកំសាន្ដ ប៉ុន្ដែមិនមានការដឹកជញ្ជូន តើគាត់មកបានដោយរបៀបណា? ទាំងនេះហើយដែលតម្រូវថា ត្រូវជំរុញឲ្យបានលឿនលើវិស័យដឹកជញ្ជូន។

លោកស្រីបញ្ជាក់ថា ងាកត្រឡប់ទៅមើលអ្នករកស៊ីលើវិស័យទេសចរណ៍វិញ នៅពេលដែលមានវ៉ាក់សាំងកូវីដ១៩ ដែលជាពន្លឺយ៉ាងមុតមាំថា នឹងទទួលបានភ្ញៀវទេសចរ អ្នករកស៊ីទាំងអស់គួរត្រៀមខ្លួន ពិសេសផ្នែកក្រុមហ៊ុនទេសចរណ៍ ត្រូវសិក្សាលើតំបន់ថ្មីៗ តំបន់ដែលកំពុងរៀបចំកសាងនៃ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវថ្នល់ ក៏ដូចជាសេវាកម្មថ្មីៗ ទើបបង្កើតឡើងជាដើម។ ដូច្នេះប្រតិបត្តករទេសចរណ៍ ទាំងអស់ត្រូវតែសិក្សាពីអ្វីថ្មីៗ ដែលផ្លាស់ប្ដូរកន្លងមក និងការបង្កើតឡើងថ្មីៗ ព្រមទាំងពង្រឹងនៃសមត្ថភាពក្រុមហ៊ុនរបស់ខ្លួន និងបង្កើនគុណភាពនៃសេវាកម្ម និងសូមកុំបាក់ទឹកចិត្តឲ្យសោះ។

លោកស្រីបញ្ជាក់ថា «នេះជាការត្រៀមខ្លួនដ៏ល្អមួយព្រោះថា នៅពេលកូវីដបាត់បង់ពី ពិភពលោកនេះទៅប្រតិបត្តិករទេសចរណ៍ បានត្រៀមខ្លួនរួចរាល់ស្រេចបាច់ទៅហើយ ហើយចាប់ផ្ដើមអនុវត្តន៍ទាក់ទាញភ្ញៀវ និងផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន។ ជាក់ស្ដែងបណ្ដាប្រទេសផ្សេងៗ បានត្រៀមខ្លួនជានិច្ច និងគ្រប់ពេលវេលាទាំងអស់ ដោយមិនបាក់ទឹកចិត្តនោះទេ ព្រោះថា ពេលកូវីដ១៩បាត់បង់ពួកគេ នឹងងើបឡើងរកស៊ីបានលឿន។ សម្រាប់កម្ពុជាវិញរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធជាច្រើនទៀត បានព្យាយាមត្រួសត្រាយផ្លូវ ដល់អ្នករកស៊ីលើវិស័យទេសចរណ៍នេះ គឺដើម្បីធ្វើយ៉ាងណាឲ្យបានដល់គោលដៅ»

លោកស្រីឲ្យដឹងទៀតថា ប្រទេសកម្ពុជាមានទិសដៅទេសចរណ៍ច្រើន គោលដៅទេសចរណ៍បែបអេកូទេសចរណ៍ បែបផ្សងព្រេងជាដើម។ កន្លងមកកម្ពុជាមិនបាន បញ្ជូនភ្ញៀវទេសចរណ៍ទៅ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មផ្សេងៗពិបាក មានន័យថា ផ្លូវថ្នល់ពិបាកក្នុងការធ្វើដំណើរជាដើម ប៉ុន្ដែឥឡូវនេះមានការសាងសង់ច្រើន ដូច្នេះប្រតិបត្តិករទេសចរណ៍ ត្រូវទៅធ្វើបច្ចុប្បន្នភាព ដើម្បីពង្រឹង និងរចនានៃខ្សែកញ្ចប់ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយសារតែយើងមានសេវាកម្មថ្មីៗទទួលពួកគាត់៕