(កំពង់ឆ្នាំង)៖ លោក ទ្រី គា ជាកសិករម្នាក់ដាំដើមក្រូចឆ្មារក្នុងចម្ការមួយកន្លែង ដែលមានជាង៣០០ដើម នៅភូមិទឹកចេញ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រយៈពេល ៦ឆ្នាំកន្លងមកនេះ លោកបានដាំដុះបន្លែសព្វមុខនៅលើដីជិត ២ហិកតា (១.៨០ហិកតា) ទៅតាមរដូវកាលមានដូចជា ត្រសក់ ត្រឡាច ននោង និងស្លឹកគ្រៃជាដើម។ បន្ថែមលើនេះ លោកក៏បានចិញ្ចឹមមាន់ស្រែជាង ៥០ក្បាលផងដែរ។

ជួបសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ទ្រី គា បានបន្ថែមថា បច្ចុប្បន្នលោកក៏បានដាំដើមក្រូចឆ្មា ចំនួនជាង ៣០០ដើមផងដែរ នៅលើផ្ទៃដីចម្ការទំហំជាងកន្លះហិកតា។ នៅក្នុងឆ្នាំ២០២០ កន្លងមកនេះ លោកបានទទួលផលពេញមួយឆ្នាំជាបន្តបន្ទាប់ ដោយក្នុង១ខែៗលោកបេះក្រូចឆ្មាលក់បានពី ៤០០ទៅ ៤៥០គីឡូក្រាម ដែលក្នុងមួយគីឡូលក់បានថ្លៃពី ៤០០០ ទៅ ៥០០០រៀល។

លោកអះអាងថា ក្នុងមួយឆ្នាំសរុបបានទឹកប្រាក់ប្រមាណ ៦លានរៀល។ ទឹកប្រាក់ខាងលើនេះគាត់ត្រូវចំណាយទៅលើថ្នាំបាញ់សត្វល្អិតអស់ជាង ១លានរៀល ទិញប្រេងចាក់ម៉ាស៉ីនបូមទឹកអស់ជាង ១លានរៀល គឺទូទាត់អស់ នៅសល់ប្រាក់ចំណេញបានតិចតួច។

កសិកររូបនេះបានបញ្ជាក់ទៀតថា ក្នុងពេលខាងមុខនេះលោកមានគម្រោងដាំដុះបន្លែក្នុងទុយោទឹកថែមទៀត ដែលត្រូវប្រើប្រាស់អគ្គិសនីដាក់ម៉ូទ័របូបទឹកជាប្រចាំ ទើបបន្លែខាងលើនេះអាចទទួលផលបានល្អ។ ដូចនេះហើយ លោកស្នើសុំដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយតបណ្ដាញអគ្គីសនី ពីទីប្រជុំជនមកកាន់ភូមិទឹកចេញ ឃុំក្បាលទឹកផង ដើម្បីឲ្យរូបលោកក៏ដូចជាប្រជាប្រជាកសិករទាំងអស់នៅក្នុងភូមិ បានភ្លើងប្រើប្រាស់ ដើម្បីដាំដុះបន្លែបង្កាលើកស្ទួយជីវភាពរស់នៅឲ្យបានល្អប្រសើរ។

លោកបន្តថា កន្លងមកអ្នកស្រុកក្នុងភូមិ បានប្រើប្រាស់ផ្ទាំងសូឡាពន្លឺថ្ងៃ។ ប៉ុន្តែនៅរដូវវស្សា ផ្ទាំងសូឡាពន្លឺថ្ងៃនេះគ្មានពន្លឺថ្ងៃស្រូបភ្លើងមកបញ្ចូលស្តុកទុកក្នុងអាគុយ សម្រាប់ប្រើប្រាស់បានឡើយ ព្រោះតំបន់នេះជាតំបន់ព្រៃភ្នំសម្បូរភ្លៀងច្រើន ដូចនេះខែវស្សា ផ្ទាំងសូឡាក៏មិនអាចផលិតភ្លើងយកមកប្រើប្រាស់បានគ្រប់គ្រាន់ដែរ។

ទាក់ទងនឹងសំណូមពរខាងលើនេះដែរ មន្ត្រីឃុំក្បាលទឹកម្នាក់ បានបញ្ជាក់ឲ្យដឹងថា ការពិតខាងក្រុមហ៊ុនអគ្គិសនីកំពុងតភ្លើងចេញពីទីប្រជុំជនស្រុក មកកាន់ភូមិទឹកចេញនេះ ហើយដែលក្នុងពេលឆាប់ៗនេះប្រជាពលរដ្ឋពិតជាបានភ្លើងអគ្គិសនីប្រើប្រាស់ទៅតាមតម្រូវការ៕