(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបន្តយុទ្ធនាការចុះផ្សព្វផ្សាយពីវិធានការការពារ ពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងគោលដៅធ្វើយ៉ាងណាបង្កាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

យុទ្ធនាការនេះធ្វើឡើងបន្ទាប់ពីទទួលបាននូវបទបញ្ជាណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យរដ្ឋបាលខណ្ឌទាំង១៤ គោរពទៅ តាមការណែនាំដែលបានដាក់ចេញកាលពីពេលកន្លងមក ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេច បានផ្ញើសារផ្តល់ការណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រោមព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ។

ការចុះយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមការពារក្នុងការរីករាលដាលជំងឺកូវីដ-១៩នេះ លោក ធឹម សំអាន ក៏បានណែនាំដល់រដ្ឋបាលសង្កាត់ទាំង៧ ចុះណែនាំ ប្រជាពលរដ្ឋឲ្យអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល រក្សាគន្លាតសង្គម និងអនាម័យខ្លួនប្រាណឲ្យបានល្អប្រសើរ និងស្ដាប់តាមអនុសាសន៍របស់សម្តេច គឺ ៣កុំ ៣ការពារ។

ដោយអនុវត្តតាមបទបញ្ជា និងអនុសាសន៍ខាងលើនេះ រដ្ឋបាលខណ្ឌបឹងកេងកង ក៏បានរៀបចំចាត់ចែងកម្លាំងមន្ត្រី មានរថយន្ត និងម៉ូតូកង់បីរបស់អាវុធហត្ថបំពាក់ ឧបករណ៍បំពងសម្លេង និងយុទ្ធនាការបន្តផ្សព្វផ្សាយ អំពីវិធាននានារបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាលចូលសហគមន៍ជាច្រើននៅភ្នំពេញ។

លោក ធឹម សំអាន ក៏បានក្រើនរំលឹកដល់មន្រ្តីរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច រក្សាគម្លាតសង្គមយ៉ាងតិច ១.៥ម៉ែត្រ ហើយនាំគ្នាធ្វើប្រតិបត្តិការណ៍ ឱ្យបានគ្រប់ច្រកល្ហក នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌបឹងកេងកង។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ស្វែងយល់នូវព័ត៌មានទាក់ទិននឹងវិធានការណ៍ ការពារទប់ស្កាត់ជំងឺផ្លូវដង្ហើមមួយនេះ ឱ្យបានល្អិតល្អន់តាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងរួមគ្នាឆ្លងឱ្យផុតពីគ្រាដ៏អាសន្នមួយនេះ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយនេះ នឹងបន្តធ្វើជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនរហូតទទួលបានការណែនាំជាថ្មី ពីអភិបាលរាជធានីភ្នំពេញ ក្រោយពេលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩មានភាពធូរស្រាលឡើងវិញ៕