(ភ្នំពេញ)៖ សហគ្រិនខ្មែរ ដែលជាស្ថាប័នមួយ ស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយទស្សនវិស័យ ក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់ គ្រប់សកម្មភាពរបស់រិស័យសហគ្រិនភាព និងអង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដែលជាវេទិការដៃគូពហុភាគី បានចូលរួមសហការជាដៃគូ ដើម្បីលើកកម្ពស់ភាពជាសហគ្រិនក្នុងវិស័យកសិកម្ម។

ភាគីទាំងពីរបានឯកភាពគ្នា ក្នុងដំណើរការជម្រុញឱ្យមាននវានុវត្តន៏ ការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីដំណោះស្រាយផ្នែកផលិតកម្ម ការអភិវឌ្ឍជំនាញ ការផ្សារភ្ជាប់គ្រឹះស្ថានអប់រំនិងវិស័យឧស្សាហកម្ម និងភាពជាសហគ្រិនក្នុងវិស័យកសិកម្ម ព្រមទាំងការផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យទាក់ទងនឹងវិស័យកសិកម្មក្នុងគោល បំណងបង្កើតជាយន្ដការគាំទ្រនានា។

ក្នុងឱកាសនេះ សហគ្រិនខ្មែរ និងអង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជាបានចាប់ផ្តើមអនុវត្ត កម្មវិធីបណ្ដុះ ធុរកិច្ចថ្មី សហគ្រិនក្នុងសហគមន៍កសិកម្ម ដែលមានរយៈពេលបីឆ្នាំ ក្នុងគោលបំណងបង្កើតឧស្សាហកម្មកសិកម្មប្រកប ដោយផលិតភាព និងចីរភាព។
គម្រោងនឹងស្វែងរកដំណោះស្រាយចំពោះបញ្ហាចំបងចំនួនពីរ ដែលជះឥទ្ធិពលដល់ វិស័យកសិកម្មនៅកម្ពុជា រួមមាន ផលិតភាពទាប និងខ្វះការចូលរួមពីយុវជននៅក្នុងវិស័យនេះ។ គម្រោងនេះមានសមាសធាតុពីរសំខាន់ៗ ទីមួយគឺ «ការបណ្ដុះធុរកិច្ចថ្មី» ដែលយុវជនត្រូវបានបណ្តុះបណ្តាលរយៈ ពេល៤ខែលើមុខវិជ្ជាបច្ចេកទេសកសិកម្ម សហគ្រិនភាព និងជំនាញធុរកិច្ច និងទីពីរគឺ «ការចុះកម្មសិក្សា» របស់យុវជន រយៈពេលមួយឆ្នាំជាមួយសហគមន៍កសិកម្ម ក្នុងខេត្តគោលដៅមួយចំនួន ដើម្បីជួយកសិករ និងសហគមន៍ជនបទ។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា យោងតាម «ស្ថានភាព និងទស្សនៈវិស័យសេដ្ឋកិច្ចកម្ពុជា» ដែលបង្ហាញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យកសិកម្មត្រូវបានប៉ាន់ ស្មានថាមានកំណើនវិជ្ជមានប្រមាណ ០.៥ ភាគរយ ក្នុងឆ្នាំ២០២០ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ខណៈដែលវិស័យដទៃទៀតដូចជាវិស័យឧស្សាហកម្ម និងសេវាកម្ម ត្រូវបានប៉ាន់ស្មាន ថាមានកំណើនអវិជ្ជមាន។

លោកបន្តថា ក្នុងបរិបទថ្មីនេះ យើងរំពឹងថា ការបង្កើនឱ្យមាននវានុវត្តន៏ និងជំនាញអាជីវកម្មនៅតាមសហគមន៍អាចជួយជម្រុញ វិស័យកសិកម្មឱ្យមានសក្ដានុពលពេលលេញ។ កម្មវិធីបណ្ដុះធុរកិច្ចថ្មី សហគ្រិនក្នុងសហគមន៍កសិកម្ម ផ្តួចផ្តើមឡើងដើម្បីឆ្លើយតបនឹង តម្រូវ ការខាងលើតាមរយៈការលើកកម្ពស់សហគ្រិនភាពដល់យុវជន និងនិស្សិតនៅតាមសកលវិទ្យាល័យ ការពង្រីកសមត្ថភាពរបស់សហគមន៍កសិកម្មព្រមទាំងកសិករ និងការបង្កើននវានុវត្តន៏នៅក្នុងខ្សែសង្វាក់តម្លៃ កសិកម្ម។

លោក ច័ន្ទ សេរីរដ្ឋា នាយកប្រចាំប្រទេស អង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា បង្ហាញសុទិដ្ឋិនិយមថា «ប្រសិនបើអនុវត្តបានល្អប្រសើរ គម្រោងនេះ នឹងចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចជនបទ តាមរបៀបច្រើនយ៉ាង គឺទីមួយទាក់ទាញយុវជនឱ្យងាកមកចាប់អារម្មណ៍ការងារ និងរបរកសិកម្ម ដូច្នេះវានឹងនាំមកនូវផ្នត់គំនិតថ្មីៗ ដែលចូលរួម ចំណែកអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាព។ លើសពីនេះទៀត គម្រោងនេះនឹងជួយកាត់បន្ថយការធ្វើ ចំណាកស្រុកឆ្លងកាត់ប្រទេស និងធ្វើចំណាកស្រុកពីទីជនបទ ទៅកាន់ទីក្រុង»

លោកពន្យល់ថា «ប្រសិនបើកសិកម្ម នៅតំបន់ជនបទ បង្ហាញភាពទាក់ទាញផ្នែកសេដ្ឋកិច្ច យុវជន ស្ត្រី និងបុរស នឹងត្រូវទទួលអត្ថប្រយោជន៍ពីការងារ នៅនឹងកន្លែង ពោលគឺនឹងមិនបង្ខំចិត្តធ្វើចំណាកស្រុក ដើម្បីស្វែងរកឱកាសការងារនៅឆ្ងាយពីសហគមន៍របស់ខ្លួនឡើយ»

គម្រោងនេះ នឹងភ្ជាប់បណ្តាញជាមួយអ្នកពាក់ព័ន្ធជាច្រើន មានដូចជា សាកលវិទ្យាល័យ ក្រុមកសិករ កសិពាណិជ្ជកម្ម ភ្នាក់ងាររដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ សហគ្រិនខ្មែរ និងអង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា សូមស្វាគមន៍ដៃគូដទៃ ក្នុងការគាំទ្រដល់ដំណើរការអនុវត្តគម្រោងនេះ៕