(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើឡើងយ៉ាងដូច្នេះថា វត្តមានហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់ទេសចរណ៍ ដូចជានៅតំបន់ខេត្តសៀមរាប ខេត្តព្រះសីហនុ និងតំបន់ផ្សេងៗ គឺរួមចំណែកដ៏ធំសម្រាប់ទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកម្ពុជា។

លោកស្រីថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់អង្គភាពព័ត៌មាន Fresh News លើប្រធានបទ «អនាគតវិស័យទេសចរណ៍កម្ពុជា ក្រោយការមកដល់វ៉ាក់សាំងកូវីដ១៩»។

លោកស្រីបញ្ជាក់ថា លោកស្រីមានសុទិដ្ឋិនិយម ទៅលើការកសាងផ្លូវរបស់រាជរដ្ឋាភិបាល ដោយបានគិតគូរខ្លាំង ដើម្បីអនាគតរបស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនេះ។

លោកស្រីបញ្ជាក់ទៀតថា «នៅពេលដែលស្ថានការត្រូវបានស្ដារ និងមានភ្ញៀវចូលមក គឺយើងមិនសូវមានបញ្ហាលើការធ្វើដំណើរ នៅក្នុងប្រទេសនោះទេ ដូច្នេះការកសាងផ្លូវនេះ ចូលរួមចំណែកយ៉ាងធំសម្រាប់ទាញភ្ញៀវទេសចរ ព្រោះថាភ្ញៀវទេសចរច្រើន ប៉ុន្ដែយើងមិនមានផ្លូវសម្រាប់ឲ្យគេជិះ ដោយសារឆ្នាំកន្លងទៅឃើញថា មានរថយន្តធំៗច្រើន ហើយយើងមិនមានផ្លូវសម្រាប់ជៀសគ្នា មានដូចជា រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរទេសចរ និងអ្នកដំណើរផ្សេងៗទៀត ធ្វើឲ្យមានការកកស្ទះជាដើម»

លោកស្រីបន្ថែមថា «បើចម្ងាយខ្លីត្រូវរង់ចាំយូរ នោះវានឹងធ្វើឲ្យគេធុញទ្រាន់ ដូច្នេះប្រសិនបើយើងសម្រួលចរាចរណ៍ឲ្យបានល្អប្រសើរ គឺជាគោលដៅសម្រាប់បន្លែមលើការទាក់ទាញភ្ញៀវទេសចរ ព្រោះថាយើងនៅមានសក្ដានុពលច្រើនក្នុងការទាក់ទាញ ហើយការទាក់ទាញមុនគេនោះ គឺផ្លូវថ្នល់នេះតែម្ដង»

លោកស្រីបានរំលឹកថា ប្រតិបត្តិករទេសចរណ៍ទាំងអស់ រួមទាំងអាជីវករទេសចរណ៍ ត្រូវយកឱកាសដែលមិនសូវមមាញឹក គួរតែពង្រឹងនូវសមត្ថភាព ពង្រីកសេវាកម្មឲ្យបានសំបូរបែប ព្រោះថាកន្លងមកអាជីវករមិនបានពង្រីកឲ្យអស់លទ្ធភាពនោះទេ ដោយមានសក្ដានុពលច្រើនជាងអ្វីដែលធ្លាប់ធ្វើ។

លោកស្រីបន្តថា ស្របពេលដែលពង្រឹងពីគុណភាព ក៏ត្រូវការដាក់តម្លៃលើផលិតផលដែរ សម្រាប់ឲ្យមានការប្រកួតប្រជែង ព្រោះថា នៅបណ្ដាលប្រទេសជិតខាង គេអាចធ្វើឲ្យតម្លៃបានល្អ រួមទាំងគុណភាពក៏ល្អ ដូច្នេះកម្ពុជាត្រូវធ្វើឲ្យមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង ដើម្បីទាក់ទាញភ្ញៀវទេសចរ។ មួយវិញទៀតត្រូវសហការជាមួយដៃគូអ្នកផ្គត់ផ្គង់ ហើយអ្នកផ្គត់ផ្គង់ក៏ត្រូវជួយដល់អ្នកផ្ដល់សេវាកម្មវិញផងដែរ៕