(ព្រះសីហនុ)៖ យោងតាមស្ថិតិចុងក្រោយបានបង្ហាញថា នៅខែមករា ឆ្នាំ២០២១ ចំនួនទឹកប្រាក់សរុបនៃការនាំចេញ និងនាំចូលរបស់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានកំណើន ១៦.៤១% បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២០ ដោយបានកើនឡើងពី ១២៨-១៤៩ លានដុល្លារអាមេរិក និងមានកំណើន ៩.៥៦% បើប្រៀបធៀបនឹងខែធ្នូ ឆ្នាំ២០២០ ដោយបានកើនឡើងពី ១៣៦-១៤៩ លានដុល្លារអាមេរិក នេះគឺជាសមិទ្ធផលជាផ្លែផ្ការបស់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសសសក្រុងព្រះសីហនុ។

ចាប់តាំងពីដើមឆ្នាំ២០២១មក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបន្តអនុវត្តយ៉ាងតឹងរឹងនូវវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ រាល់អ្នកធ្វើដំណើរត្រឡប់មកពីក្រៅប្រទេសទាំងអស់ត្រូវធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគកូវីដ១៩ ទៅតាមការកំណត់ រង់ចាំការធ្វើចត្តាឡីស័កពេញចំនួន ១៤ ថ្ងៃ និងទទួលបានលទ្ធផលធ្វើតេស្តបញ្ជាក់ថាអវិជ្ជមានកូវីដ១៩ ទើបអាចចូលធ្វើការបាន។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានពង្រឹងការត្រួតពិនិត្យរាល់បុគ្គលដែលចេញចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស រហូតមកដល់ពេលនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពុំទាន់មានករណីឆ្លងជំងឺកូវីដ១៩ នោះទេ ហើយចំនួនទឹកប្រាក់នៃការនាំចេញ និងនាំចូលក៏មានកំណើនដ៏គួរឱ្យកត់សម្គាល់ផងដែរ។

លោក ឆាវ ជានជាំង (CAO JIANJIANG) អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានថ្លែងថា នៅឆ្នាំ២០២០ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលត្រូវបានរងការវាយប្រហារដ៏ធ្ងន់ធ្ងរនៃការរីករាលដាលជំងឺកូវីដ១៩ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានខិតខំទប់ស្កាត់ជំងឺកូវីដ១៩ បណ្តើរ ដំណើរការផលិតកម្មបណ្តើរ ដែលបានធានានូវដំណើរការជាប្រក្រតីនៃតំបន់សេដ្ឋកិច្ចពិសេសទាំងមូល និងរក្សាស្ថេរភាពការងារសម្រាប់កម្មករបុគ្គលិកជិត ៣០,០០០ នាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស។ មិនតែប៉ុណ្ណោះ ទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានការកើនឡើងជាបណ្តើរៗ។

លោក ឆាវ ជានជាំង បានឱ្យដឹងថា នៅឆ្នាំ២០២១នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងបន្តបង្កើនទំនុកចិត្តចាប់យកឱកាសនីមួយៗ ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្តង់ដារខ្ពស់ កម្រិតខ្ពស់ និងគុណភាពខ្ពស់ ដូចជា បន្តពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួបរួមគ្នាជាមួយក្រុមហ៊ុនសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមការចាត់ចែងនៃក្រុមការងារបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចាត់ទុកការការពារសុខភាពសុវត្ថិភាព និងអាយុជីវិតរបស់បុគ្គលិកកម្មកររាប់ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាមូលដ្ឋានគ្រឹះនៃការការអភិវឌ្ឍប្រកបដោយស្ថិរភាពរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ម្យ៉ាងវិញទៀត បន្តបំពេញហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផលិតកម្ម ជីវភាពរស់នៅ និងមុខងារសេវាកម្មផ្សេងៗទៀតឱ្យបានពេញលេញ ព្យាយាមបង្កើតបរិយាកាសអាជីវកម្ម ដើម្បីស្រូបទាញ និងរក្សានូវរាល់សហគ្រាសដែលបានចូលមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លើសពីនេះទៅទៀត ជួយសហគ្រាសដែលទើបចាប់ផ្តើមដំណើរការផលិតកម្មនៅឆ្នាំ២០២០ ដើម្បីពង្រីកទ្រងទ្រាយនៃផលិតកម្មជាបន្តបន្ទាប់។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តែងតែដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ នៅក្នុងឆ្នាំ២០២១នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើននាថ្ងៃខាងមុខ និងចូលរួមចំណែកកាន់តែខ្លាំងឡើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕