(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាង ប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង នឹងចូលជាធរមាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ។ នេះបើតាមលិខិតរបស់ក្រសួងការបរទេស ផ្ញើទៅក្រសួងយុត្តិធម៌ ហើយក្រសួងយុត្តិធម៌ បង្ហាញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាមក្រសួងការបរទេស, ភាគីកូរ៉េបានជូនព័ត៌មានពាក់ព័ន្ធនឹងការបំពេញបែបបទនីតិវិធីផ្ទៃក្នុងសម្រាប់ការចូលជាធរមាននៃសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាង កម្ពុជា-កូរ៉េ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុង Busan សាធារណរដ្ឋកូរ៉េ។ យោងតាមមាត្រា ២៥ សន្ធិសញ្ញាខាងលើនឹងចូលជាធរមាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ គឺ៣០ថ្ងៃ បន្ទាប់ពីទទួលបានការជូនដំណឹងចុងក្រោយជាលាយលក្ខណ៍អក្សរ តាមរយៈផ្លូវការទូត។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌមានគោលបំណងកំណត់អំពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានា ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះ៖

* ការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលត្រូវផ្តល់ដល់រដ្ឋធ្វើសំណើទាំងអស់ ទោះបីរដ្ឋធ្វើសំណើនោះមិនមានកិច្ចព្រមព្រៀង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។

* ការស្វែងរកការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ពីរដ្ឋទទួលសំណើទាំងអស់ ទោះបីរដ្ឋទទួលសំណើនោះមិនមានកិច្ចព្រមព្រៀង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។ ច្បាប់នេះមិនមានវិសាលភាពអនុវត្ត ចំពោះការជួយទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដែលធ្វើឡើងស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគី ដែលបានទទួលសច្ចាប័នពីព្រះរាជាណាចក្រកម្ពុជា។

នីតិវិធីផ្ទៃក្នុងសម្រាប់អនុវត្តន៍សំណើជួយគ្នាទៅវិញទៅមក ដែលមានចែងក្នុងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះគ្រប់ករណីទាំងអស់នៃការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលធ្វើឡើង ស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគីដែលបានទទួលសច្ចាប័ន ពីព្រះរាជាណាចក្រកម្ពុជាផង លើកលេងតែមានបញ្ញាតផ្ទុយ ដែលមានចែងជាក់លាក់ក្នុងសន្ធិសញ្ញា ឬអនុសញ្ញានោះ ឬច្បាប់ផ្សេងទៀត នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះ ក៏មិនរារាំងដល់ការធ្វើសំណើ ឬទទួលសំណើទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ឬកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបរទេសណាមួយ តាមរយៈមធ្យោបាយស្របច្បាប់ផ្សេងទៀតឡើយ៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងការបរទេស ផ្ញើទៅក្រសួងយុត្តិធម៌៖