(​តូ​ក្យូ​)៖ វា​ជា​លើកដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជប៉ុន ដែល​ចំនួន​ប្រជាជន​បាន​ថយចុះ ដ៏​គួរឲ្យ​ព្រួយបារម្ភ​បំផុត ស្របពេល​ដែល​ចំនួន​មនុស្ស​វ័យ​កណ្តាល និង វ័យ​ចំណាស់ មាន​ការ​កើត​ឡើង​ខ្ពស់ បើ​គិត​តាម​ស្ថិតិ​ចុងក្រោយ នា​ឆ្នាំ ២០១៥​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ ២០១៦​។​

​ស្ថិតិ​ពី​ក្រសួង​កិច្ចការ​ផ្ទៃក្នុង និង​ទំនាក់ទំនង​ជាមួយ​ការិយាល័យ​ស្ថិតិ បានឲ្យដឹង​ទៀតថា ចំនួន​ប្រជាជន​ជប៉ុន គិត​ត្រឹម​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៥ មាន ១២៧,១១០,០៤៧​នាក់ បាន​ធ្លាក់ចុះ ០,៧​ភាគរយ ស្មើនឹង ៩៤៧,៣០៥​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​តួលេខ​បាន​ពី​ជំរឿន​ប្រជាជន​ឆ្នាំ ២០១០​។​

​ប្រការ​នេះ​បាន​បង្ហាញថា ចំនួន​ប្រជាជន​ជប៉ុន បាន​ធ្លាក់ចុះ​ជា​លើកដំបូង មិន​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ ១៩២០ ប៉ុន្តែ​ជប៉ុន នៅ​តែ​ឈរ​លេខ​រៀង​ទី​១០ នៃ​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​លើ​លោក និង ជា​ប្រទេស​មួយ ក្នុងចំណោម​ប្រទេស​ចំនួន ២០ នៅ​សកលលោក​ដូចគ្នា ដែល​មាន​ចំនួន​ប្រជាជន​ថយចុះ​។​

​គួរបញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ (Shinzo Abe) បាន​ទទួល​រង​សម្ពាធ​យ៉ាងខ្លាំង ពី​ការទាមទារ​ឲ្យ​បង្កើត​គោលនយោបាយ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​បង្ក​កំណើត របស់​ប្រជាជន ដែល​មាន​ការថយចុះ​។ កន្លងមក​អង្គការ​សហប្រជាជាតិ​ក៏​ធ្លាប់​បាន​ប៉ាន់ស្មាន​ផងដែរ​ថា ចំនួន​ប្រជាជន​ជប៉ុន នឹង​ធ្លាក់​មក​នៅ ៨៣​លាន​នាក់​នៅ​ឆ្នាំ ២១០០ ខាងមុខនេះ​៕