(ក្រចេះ)៖ លោក ទុយ ប៊ុនសេរីរត្ន័មុន្នី អភិបាលរងខេត្តក្រចេះ និងលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីការកសាងអាជីកម្មប្រកបដោយភាពជោគជ័យ ធ្វើនៅសាលាខេត្តក្រចេះ។

កម្មវិធីនេះរៀបចំឡើងដោយ FASMEC និងឧបត្ថម្ភដោយធាគាលី ហួរ ហៅកាត់ SBILH និងការចូលរូមពីប្រធានសមាគមសហគ្រាសប្រចាំខេត្តក្រចេះ ត្បូងឃ្មុំ រតនគីរី ព្រៃវែង រួមនិងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះ អស់លោក លោកស្រីជាម្ចាស់សហគ្រាសនៅតាមបណ្តាក្រុង-ស្រុក-ឃុំ-សង្កាត់នៃខេត្តក្រចេះផងដែរ។

លោក ទុយ ប៊ុនសេរីរត្ន័មុន្នី បានឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងដោយមើលឃើញថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាច្រើនណាស់ ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការការជួយជ្រោមជ្រែងបន្ថែមទៀត ផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ជាពិសេសគឺផ្នែកធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់។

តាមរយៈសិក្ខាសាលានេះ លោកសង្ឃឹមថា សហគ្រាសធុនតូច និងមធ្យមដែលមានវត្តមាននៅក្នុងសិក្ខាសាលានៅពេលនេះ និងយកចិត្តទុកដាក់ក្នុងការស្ដាប់ និងរៀនសូត្រនូវចំណេះដឹងថ្មីៗ ជាពិសេសគឺយល់ឱ្យកាន់តែច្បាស់ពីការផ្ដល់សេវាកម្ម ឬផលិតផលរបស់ធនាគារ អេស ប៊ី អាយ លីហួរ។ ហើយក្រោយពីទទួលបានការបណ្ដុះបណ្ដាលក្នុងកម្មវិធីមួយថ្ងៃនេះ សហគ្រាសធុនតូចនិងមធ្យមទាំងអស់ នឹងទទួលបានកម្ចី និងការលើកទឹកចិត្តច្រើនពីធនាគារ អេស ប៊ី អាយ លីហួរ។

តាមការបញ្ជាក់បន្ថែមពីលោកឧកញ៉ា តែ តាំងប៉, តាមការសិក្សាកន្លងមក សហគ្រាសធុនតូចនិងមធ្យម នៅមានកង្វះខាតច្រើនទាំងផ្នែកបច្ចេកទេសផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់និងការអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់ ហើយសិក្ខាសាលាក្នុងថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្តក្រចេះ ដើម្បីយល់ដឹងបន្ថែមទៀតលើការរៀបចំខ្លួនឱ្យសមស្របនឹងនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ។

លោកឧកញ៉ាបន្តទៀតថា FASMEC បានចុះអនុស្សារណៈយោគយល់គ្នាជាមួយធនាគារ អេស ប៊ី អាយ លីហួរ ដើម្បីជួយក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ ហើយនៅក្នុងថ្ងៃនេះគឺមានការចូលរួមធ្វើបទបង្ហាញជាច្រើន ពីសេវាកម្ម និងផលិតផលរបស់ធនាគារដែលជាការផ្ដល់ឱកាសសម្រាប់សមាជិកទាំងអស់ ដែលបានចូលរួមទទួលនូវចំណេះដឹងបទពិសោធន៍ពីវិស័យឥណទាន៕