(ភ្នំពេញ)៖ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បានផ្ដល់កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ចំនួន ៤.៨៨០ កញ្ចប់ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ស្ត្រី និងក្មេងស្រីងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់នាពេលកន្លងមកនេះ ដែលបានបង្កដោយព្យុះត្រូពិចក្នុងប្រទេសកម្ពុជា។

ការផ្តល់ជូនកញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ចំនួន ៤.៨៨០ កញ្ចប់ត្រូវបានប្រគល់ជូនក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលជាមបន្តបន្ទាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ UNFPA ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោក ដានីញែល អាឡេមូ តំណាងស្តីទីរបស់ UNFPA បានលើកឡើងថា «ជំងឺរាតត្បាត កូវីដ-១៩ រួមជាមួយនឹងគ្រោះទឹកជំនន់នាពេលកន្លងមកនេះ បានធ្វើឱ្យស្ត្រី និងក្មេងស្រីកាន់តែប្រឈមទៅនឹងហានិភ័យ និងភាពងាយរងគ្រោះផ្សេងៗកាន់តែខ្លាំងឡើង ក្នុងនាម យូអិនអែហ្វភីអេ យើងជឿជាក់ថា ការផ្ដល់សេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ រួមទាំងការទប់ស្កាត់និងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ បន្ថែមលើការគាំទ្រសុខភាពផ្លូវចិត្តនិងសង្គម គឺជាកិច្ចការបន្ទាន់ និងសំខាន់បំផុតសម្រាប់ពេលនេះ»

លោកបន្តថា «យើងជឿយ៉ាងមុតមាំថា កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ នឹងជួយសម្រាលការលំបាករបស់ស្ត្រីនិងក្មេងស្រីរាប់ពាន់នាក់បានមួយរយៈ ទទ្ទឹមនឹងនេះ យើងសូមអំពាវនាវដល់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ឱ្យបង្កើនការវិនិយោគរបស់ខ្លួន ដើម្បីធានាថាមិនមានស្ត្រីណាម្នាក់ត្រូវបានគេទុកចោលឡើយក្នុងអំឡុងពេលដ៏លំបាកនេះ រួមទាំងកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ដើម្បីស្តារឡើងវិញចេញពីវិបត្តិជំងឺរាតត្បាតផងដែរ»

កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ នឹងត្រូវបានចែកជូនដល់ស្ត្រីចំណាកស្រុកងាយរងគ្រោះដែលបានវិលត្រឡប់មកវិញ ជាពិសេស ស្រ្តីមានផ្ទៃពោះ និងជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ត្រីនិងក្មេងស្រីងាយរងគ្រោះដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ហើយនឹងស្ត្រីជាទណ្ឌិត ជាពិសេស ស្ត្រីមានផ្ទៃពោះក្នុងពន្ធធនាគារ។ ជាមួយការគាំទ្រនេះ យូអិនអែហ្វភីអេ បានប្រគល់កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ជូនដល់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៃក្រសួងមហាផ្ទៃ ចំនួន ១.០០០ កញ្ចប់ ក្រសួងកិច្ចការនារី ចំនួន ១.១០០ កញ្ចប់ និងអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) ចំនួន ៦០០ កញ្ចប់។ យូអិនអែហ្វភីអេ ក៏បានប្រគល់កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ចំនួន ១៦៣ កញ្ចប់ ជូនដល់អគ្គនាយកដ្ឋានពន្ធធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីចែកជូនបន្តទៅដល់អ្នកទោសស្ត្រីងាយរងគ្រោះផងដែរ។

កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ ចំនួន ១.០០០ កញ្ចប់ បន្ថែមទៀត នឹងត្រូវប្រគល់ជូន មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៃក្រសួងសុខាភិបាល ដើម្បីចែកជូនដល់ម្តាយៗនិងស្ត្រីមានផ្ទៃពោះងាយរងគ្រោះ ក្នុងការរឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងបណ្ដាខេត្តអាទិភាពរបស់ យូអិនអែហ្វភីអេ។

គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការជួយសង្គ្រោះពីគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិ UNFPA បានប្រគល់កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ជូនដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ចំនួន ១.០០០ កញ្ចប់ សម្រាប់គាំទ្រគ្រួសារងាយរងគ្រោះ ជាពិសេស ស្ត្រី និងស្ត្រីមានផ្ទៃពោះដែលរងគ្រោះដោយទឹកទំនន់។

នៅក្នុងកញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ទាំងអស់ មានដូចជារបស់របរប្រើប្រាស់សម្រាប់អនាម័យ ក៏ដូចជាព័ត៌មានអំពីការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលស្ត្រីនិងក្មេងស្រីគ្រប់រូប ជាពិសេសជនរងគ្រោះនារដូវទឹកជំនន់ត្រូវការប្រើប្រាស់ចាំបាច់។ សម្ភារទំនាក់ទំនង និងព័ត៌មាន គឺមានការណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងក្មេងស្រី ដែលអាចជួយការពារពួកគេពីជំងឺកូវីដ-១៩ គន្លឹះក្នុងការដោះសា្រយភាពតានតឹងផ្លូវចិត្តនៅផ្ទះ និងព័ត៌មានចាំបាច់ស្តីពីសេវាឆ្លើយតបទៅនឹងអំពើ ហិង្សាទាក់ទងនឹងយេនឌ័រ/អំពើហិង្សាលើស្ត្រី ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺនេះ៕