(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធមួយចំនួន ផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹកនៅមុខព្រះលានជល់ដំរី ដើម្បីកែលម្អសោភ័ណភាពនៅក្នុងបរិវេណនេះឱ្យកាន់តែល្អប្រសើរ។ ព្រះលាជល់ដំរី មានទីតាំងស្ថិតនៅខាងមុខគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ ពោលគឺខាងជើងប្រាសាទបាយ័នបន្ទាប់ពីផ្លូវចូលប្រាសាទបាពួន (បាភួន) បន្តិច។

លានជល់ដំរីនេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សរ៍ទី១២ ក្រោមស្នាព្រះហស្ដព្រះបាទជ័យវរ្ម័នទី៧។ នៅទីនេះមានរូបចម្លាក់ដំរី និងហ្មដំរីជាច្រើន ខណៈចម្លាក់ខ្លះបង្ហាញពីដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់ និងប្រយុទ្ធជាមួយនឹងខ្លា។ ព្រះលាននេះមានប្រវែងប្រហែល ៣៥០ ម៉ែត្រ ចាប់ពីខ្លោងទ្វារចូលប្រាសាទបាពួនដល់លានស្តេចគំលង់។ ព្រះលាននេះមានរានហាលចំនួនបី និងខឿនពីរជាន់។ ជណ្ដើរឡើងខាងត្បូង អមសងខាងដោយដំរីក្បាលបីកាន់ផ្កាឈូកនៅប្រមោយរបស់វា។ ជណ្ដើរឡើងកណ្ដាល លម្អដោយផ្ទាំងចម្លាក់សិង្ហ និងគ្រុឌឈរទ្រជណ្ដើរ។

ព្រះបាទជ័យវរ្ម័នទី៧ ស្ថាបនាព្រះលាននេះឡើង គឺដើម្បីប្រើប្រាស់ជាវេទិកាត្រួតពលដំរី និងកងទ័ពរបស់ព្រះអង្គ មុនពេលចេញធ្វើសង្គ្រាម និងក្រោយពេលត្រលប់ពីធ្វើសង្គ្រាមវិញ។

បច្ចុប្បន្ន ព្រះលានជល់ដំរីក៏ជាទីទស្សនាដ៏ទាក់ទាញមួយនៅក្រុងអង្គរធំ ក៏ដូចជាក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូលផងដែរ។ ដើម្បីរៀបចំការកែលម្អសោភ័ណភាពនៅទីនេះឱ្យកាន់តែល្អប្រសើរឡើង នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការការងារខាងលើនេះ។

ក្នុងនោះដែរ លោកក៏ស្តាប់បទបង្ហាញពីអ្នកជំនាញចំពោះលទ្ធផលកំណាយនៅក្នុងការដ្ឋាននេះ ហើយលើកទឹកចិត្តចំពោះកិច្ចការស្រាវជ្រាវ ដើម្បីបង្ហាញរបើកគំហើញថ្មីៗនៅតំបន់អង្គរផងដែរ៕