(ភ្នំពេញ)៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយម៉ាសក្រណាត់ចំនួន១លាន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដោយឥតគិតថ្លៃ។

ភ្លាមៗនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ច ឲ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តការដឹកជញ្ជូនម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន ទាំង១លានម៉ាស ចេញពីឃ្លាំង យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីទុកបែងចែកជូនបងប្អូនប្រជាពលរដ្ឋ បានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ទ្រង់ទ្រាយធំ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ» កំពុងបន្តកើនឡើនឡើងគួរឲ្យបារម្ភ។

ក្នុងប្រតិបត្តិការដឹកជញ្ជូនម៉ាស របស់សម្តេចតេជោ ហ៊ុន សែន នាឱកាសនេះ អាវុធហត្ថរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងវរអន្តរាគមន៍ប្រមាណ៣០នាក់ រថយន្តដឹកជញ្ជូនធុនធំចំនួន៥គ្រឿង រថយន្តស៊ីរ៉ែន៤គ្រឿង ចេញទៅដល់គោលដៅលីសែង លើកដាក់ម៉ាសលើរថយន្តនិងទម្លាក់ចុះ តាំងពីពេលទទួលបានការប្រគល់ភារកិច្ចភ្លាមៗ រហូតដល់ម៉ោងជិត១០យប់ ទើបត្រឡប់ចូលទីបញ្ជាការវិញ ត្រៀមអនុវត្តន៍បទបញ្ជាផ្សេងទៀត តាមការចាត់តាំងរបស់ថ្នាក់លើ ២៤ម៉ោងលើ២៤ម៉ោង។

អាវុធហត្ថរាជធានីភ្នំពេញ ក៏មិនបានធ្វេសប្រហែស ក្នុងការចូលរួមការពារការរីករាលដាលនូវជំងឺឆ្លងកូវីដ-១៩ នេះដែរ ដោយទាំងមុន និងក្រោយពេលចេញបំពេញបេសកកម្ម គឺតែងតែលាងដៃនឹងសាប៊ូជាប់ជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគលើសម្លៀក បំពាក់ ក៏ដូចជាសម្ភារប្រើប្រាស់និងមធ្យោបាយដឹកជញ្ជូន ព្រមទាំងពាក់ម៉ាស ត្រួតពិនិត្យកំដៅគ្រប់ៗគ្នា៕