(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានចាប់ដំណើរការប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ជាមួយនឹងការវាស់កំដៅ បាញ់អាកុលលាងដៃ ដែលបាននិងកំពុងអនុវត្តប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាន និងកំពុងរីករាលដាលដល់សហគមន៍ជាថ្មីម្ដងទៀត។

ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ អាចគ្រប់គ្រងទិន្នន័យបានយ៉ាងល្អប្រសើរ ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩។ បច្ចេកវិទ្យាថ្មីនេះ ពិតជាមានសារសំខាន់ ព្រោះវាមានភាពងាយស្រួល ក្នុងការតាមដាន និងស្វែងរកអ្នកដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បានលឿនជាងការប្រើប្រាស់មនុស្សដើម្បីស្វែងរក ហើយអាចយកមនុស្ស ដែលពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក ក៏ដូចជាទៅព្យាបាលបានលឿន និងទាន់ពេលវេលា។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំជាបន្ទាន់មួយជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងមកនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា បច្ចេកវិទ្យាថ្មី QR Code ទប់ស្កាត់កូវីដ Stop Covid នេះពិតជាមានតម្លៃ និងផ្ដល់ភាពងាយស្រួល ក្នុងបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារថា បើអ្នកពាក់ព័ន្ធជាមួយនឹងកូវីដ-១៩ បច្ចេកវិទ្យាថ្មីនេះ នឹងបង្ហាញទៅលើប្រព័ន្ធស្មាតហ្វូន ថាបុគ្គលនេះធម្មតា បុគ្គលនេះជាបុគ្គលមានហានិភ័យខ្ពស់ និងបុគ្គលនេះជាបុគ្គលគួរឲ្យសង្ស័យ ដែលយើងអាចធ្វើចំណាត់ការបានលឿននិងមានប្រសិទ្ធភាព៕