(ភ្នំពេញ)៖ ចាប់ពីដើមខែកុម្ភៈមក តម្លៃផ្លែស្វាយមានការធ្លាក់ចុះ ធ្វើឲ្យកសិករដាំស្វាយនៅតំបន់មួយចំនួន ដូចជាក្នុងកំពង់ចាម ប៉ៃលិនជាដើម បានត្អូញត្អែរ ចំពោះការលក់ស្វាយរបស់ខ្លួនមិនចេញ។

ចំពោះការធ្លាក់តម្លៃស្វាយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តអំពាវនាវឲ្យម្ចាស់ចំការស្វាយមកចុះបញ្ជី និងអនុវត្តកសិកម្មល្អ ស្របតាមភូតគាមអនាម័យ ដើម្បីជៀសពីការធ្លាក់តម្លៃ។

លោក ហេង វុធី សមាគមស្វាយកែវរមៀត ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ចំពោះកសិករនៅក្នុងស្រុកកងមាស គឺបានជួបបញ្ហារឿងតម្លៃស្វាយធ្លាក់ថ្លៃនេះ និងបានស្នើសុំឲ្យភាគីពាក់ព័ន្ធជួយសម្រួលដល់ពួកគាត់ផងដែរ។

លោកថ្លែងឲ្យដឹងទៀតថា សម្រាប់នៅតំបន់របស់លោក គឺតម្លៃស្វាយកែវរមៀត មានតម្លៃធ្លាក់ចុះខ្លាំងរហូតដល់ ១០០រៀល ទៅ២០០រៀលក្នុង១គីឡូក្រាម។ មូលហេតុដែលធ្លាក់ខ្លាំងបែបនេះ លោកថ្លែងថា មកពីអ្នកប្រមូលទិញជាអ្នកដាក់តម្លៃឲ្យទាប ហើយថាស្វាយគេមិនហូបទេ ប៉ុន្ដែប្រសិនបើមានកសិករលក់ឲ្យក្នុងតម្លៃ ១០០ ទៅ២០០រៀលក្នុង១គីឡូក្រាមនេះ គឺពួកគេប្រមូលទិញទាំងអស់ផងដែរ។

ក្រៅពីការស្នើឲ្យក្រសួងស្ថាប័ន ពាក់ព័ន្ធជួនអន្តរាគមន៍ហើយនោះ លោកក៏បានអំពាវនាវឲ្យកសិករដាំស្វាយទាំងអស់ ក្នុងតំបន់របស់លោក ចុះបញ្ជីចម្ការរបស់ខ្លួន ដើម្បីចួលរួមវគ្គបណ្ដោះបណ្ដាលជាមួយអគ្គនាយកដ្ឋានកសិកម្ម ព្រោះភាគច្រើនអ្នក ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះ គឺមិនសូវមាននោះទេ។

លោកស្រី ឈឹន ចំរើន នាយកប្រតិបតិ្តសហគមន៍កសិកម្មផ្នែកស្វាយកែវរមៀត ខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សម្រាប់នៅតំបន់របស់លោកស្រីវិញ តម្លៃស្វាយនៅជាធម្មតា ដែលមានតម្លៃ១,៥០០រៀលក្នុង១គីឡូក្រាម និងបានចុះកិច្ចព្រមព្រៀងជាមួយអ្នកប្រមូលទិញ ក្នុងនោះមានដូចជា វៀតណាម, ថៃ និងចិន ហើយចម្ការខ្លះបានទទួលលុយកក់ពី២០ភាគរយទៅ ៣០ភាគរយផងដែរ។

លោកស្រីសូមអំពាវនាវឲ្យកសិករដាំស្វាយ សូមទំនាក់ទំនងទៅមន្ទីរកសិកម្មខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត ឬសមាគមន៍ស្វាយកែវរមៀត កំពង់ស្ពឺផ្ទាល់ ព្រោះថាខាងមន្ទីរ និងសមាគមន៍នៅចាំផ្ដល់បទពិសោធន៍ និងបច្ចេកទេស ជូនប្រជាកសិករគ្រប់ពេល និងជាពិសេសត្រូវអនុវត្តតាមក្រសួងកសិកម្ម ស្ដីពីការអនុវត្តកសិកម្មល្អ ស្របតាមភូតគាមអនាម័យផងដែរ។

ក្រសួងកសិកម្ម បានបញ្ជាក់ថា «ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារ សូមអំពាវនាវម្តងហើយម្តងទៀត ដល់អ្នកដាំដុះដំណាំស្វាយទាំងអស់ សូមធ្វើការចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ។ ព្រមទាំងរៀបចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុង និងក្រៅស្រុក ដើម្បីចុះកិច្ចសន្យាប្រមូលទិញធ្វើការកែច្នៃ និងនាំចេញ»

ក្រសួងកសិកម្មបញ្ជាក់ថា តម្លៃផលិតផលកសិកម្ម រួមទាំងផ្លែស្វាយមានការប្រែប្រួលឡើងចុះ មិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ។

ជាក់ស្តែង នាដើមឆ្នាំនេះ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែចាប់ពីដើមខែកុម្ភៈមកទល់បច្ចុប្បន្ននេះ តម្លៃផ្លែស្វាយកំពុងមានការធ្លាក់ចុះ ដោយសារជារដូវកាលប្រមូលផលផ្លែស្វាយនៅកម្ពុជា និងនៅប្រទេសផ្សេងៗ ដែលបណ្តាលឲ្យមានបរិមាណផ្លែស្វាយជន់ច្រើន លើសលប់នៅលើទីផ្សារ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចទូទៅ កំពុងស្ថិតនៅក្រោមឥទ្ធិពលអវិជ្ជមាន នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕