(ព្រះសីហនុ)៖ ប្រជាពលរដ្ឋចំនួន៣រូប តំណាងពលរដ្ឋ២៥៨គ្រួសារ នៅខេត្តព្រះសីហនុ បានដាក់ញត្តិចូលក្រសួងយុត្តិធម៌ស្នើឲ្យមានការពិនិត្យលើបញ្ហាដីធ្លី ព្រមទាំងស្នើសុំរដ្ឋបាលខេត្តព្រះសីហនុ ជួយពន្លឿនការធ្វើប័ណ្ណ កម្មសិទ្ធិជូនពួកគាត់ដើម្បីចៀសវាងទំនាស់ ព្រោះសព្វថ្ងៃកំពុងមានខាងក្រុមហ៊ុនឯកជនមួយកំពុងធ្វើឲ្យពួកគាត់មានការភ័យខ្លាច។

លិខិតអន្តរាគមន៍របស់តំណាងប្រជាពលរដ្ឋ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១, តំណាងទាំង៣រូប បានប្រាប់ពីគោលបំណងដែលពលរដ្ឋយកញត្តិមកដាក់ជូនក្រសួងយុត្តិធម៌ បំណងស្នើដល់លោករដ្ឋមន្ត្រីមេត្តាជួយអន្តរាគមន៍ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្ដល់យុត្តិធម៌ជូនអ្នកភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តំណាងប្រជាពលរដ្ឋបានបន្តទៀតថា មកដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ស្រាប់តែពលរដ្ឋបានឃើញដីការចាត់ចែងបណ្តោះអាសន្ន ដែលផ្អែកលើដីការរក្សាការពារដោយដាក់ឱសានវាទនៅថ្ងៃទី២៨ ខែកុម្ភៈ ចេញដោយលោក កោ វណ្ឌី ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋមានការភិតភ័យខ្លាចបាត់បង់ដីកម្មសិទ្ធិរបស់ខ្លួន ដែលកាន់កាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដែលខ្លះផ្ទេរកម្មសិទ្ធិឲ្យគ្នាទៅវិញទៅមក ខ្លះមកទិញដោយ មានលិខិតស្នាមត្រឹមត្រូវ ក៏បាននាំគ្នាធ្វើញត្តិមួយដាក់ចូលមកក្រសួងយុត្តិធម៌ ដើម្បីស្វែងរកយុត្តិធម៌ ដោយស្នើសុំឲ្យមោឃភាពដីការចាត់ចែងរក្សាការពារនោះ, បកស្រាយបំភ្លឺអំណាចខ្លឹមសារ នៃដីកានោះ រួមទាំងដកហូតបណ្ណ័រឹងដែលក្រុមហ៊ុនកំពុងប្រើប្រាស់ទាំងអស់ ដោយដាក់ទោសទណ្ឌដល់ជនដែលបានរៀបចំប្រើប្រាស់នោះ រួមទាំងពិនិត្យមើលករណីជាក់ស្តែងដែលអាចបំប្លែងករណីរឿងរដ្ឋប្បវេណី ពីទំនាស់ដីធ្លីទៅជារឿងព្រហ្មទណ្ឌ។

តំណាងប្រជាពលរដ្ឋបានបន្តទៀតថា ក្រុមប្រជាពលរដ្ឋគ្មានចង់បានអ្វីក្រៅតែពីដីរបស់ពួកគាត់នោះទេ ដែលដីរបស់ពលរដ្ឋទាំង២៥៨គ្រួសារនេះ មានទំហំសរុបប្រហែល ៣៣ហិកតា ដែលបានធ្វើការអាស្រ័យផល និងមានសំណង់ គេហដ្ឋានជាយូរណាស់មកហើយ ប៉ុន្តែដោយសារតែដីឡើងថ្លៃទើបចេះតែមានក្រុមហ៊ុនមួយ បានកកូរកកាយធ្វើឱ្យពួកគាត់ដេកមិនលក់ បក់មិនល្ហើយ ដេកភ័យព្រួយជារៀងរាល់ថ្ងៃ ដែលកិច្ចការចំពោះមុខនេះ ក្រុមពលរដ្ឋទទូច ស្នើសុំរាជរដ្ឋាភិបាលមេត្តាជួយពិនិត្យ និងបង្គាប់ទៅរដ្ឋបាលខេត្តព្រះសីហនុ មេត្តាពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋទាំង ២៥៨គ្រួសារផង ដើម្បីជាភាពស្ងប់ចិត្ត៕