(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅតាមសហគមន៍ សង្កាត់ទួលសង្កែទី១ និងសង្កាត់ឫស្សីកែវ ជាច្រើននាក់ នៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានទទួលម៉ាសសម្រាប់ពាក់ និងការណែនាំមួយចំនួនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ (ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ) តាមរយៈក្រុមការងារមន្ត្រីរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌ ជា ពិសី។

ក្រៅពីចែកម៉ាស, លោក ជា ពិសី បានពាំនាំការផ្ដាំផ្ញើដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់បង-ប្អូនប្រជាពលរដ្ឋ ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាល «៣ ការពារ និង៣កុំ» រួមមាន៖

*៣ ការពារ គឺត្រូវពាក់ម៉ាស, លាងដៃ, គម្លាតសង្គម, និងគម្លាតបុគ្គល (ចាប់ពី១,៥ម៉ែត្រឡើងទៅ)។

*៣កុំ គឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៉ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើន, និងកុំប៉ះពាល់គ្នា, កុំចាប់ដៃ, កុំកៀកស្មា, កុំឱបគ្នាជាដើម។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់៕