(ស្វាយរៀង)៖ មន្ត្រីយោធាម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារបើកបរម៉ូតូលឿនដូចហោះដួលបោកស្លាប់ខ្លួនឯង លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១២៩-១៣០ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ ម៉ូតូជនជនរងគ្រោះម៉ាកហុងដាសេឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1G-0043 បើកបរដោយឈ្មោះ ចាន់ សុធី រស់នៅភូមិថ្មីឃុំតានូ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីលិចទៅកើតមិនពាក់មួកសុវត្ថិភាព។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ចំពោះមធ្យោបាយត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀង ចំណែកសាកសព ត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ មូលហេតុដែលនាំឱ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺបណ្តាលមកពីអ្នកបើកបរប្រើប្រាស់ល្បឿនលឿន៕